អាជ្ញាធរជាតិអប្សរា ត្រៀមបង្កើតខ្សែទស្សនាចរណ៍ ក្នុងតំបន់បារាយណ៍ជយតដាក ដោយការជិះទូក និងជិះកង់


សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានកំពុងធ្វើការយ៉ាងសកម្ម ក្នុងការបង្កើតឱ្យមាន ដំណើរខ្សែទស្សនាចរណ៍ នៅបារាយណ៍ជយដាក ដោយមានការចូលរួម ពីវិស័យឯកជន ដើម្បីបង្កើតនូវ សកម្មភាពទេសចរណ៍ ឱ្យកាន់តែប្រសើរឡើង តាមរយៈការជិះទូក និងការជិះកង់ ដែលរួមចំណែកថែរក្សាបរិស្ថាន ពុំបំភាយឧស្ម័នពុល និងបង្កលក្ខណៈងាយស្រួល ទៅដល់ទេសចរណ៍នៅក្នុង តំបន់ប្រវត្តិសាស្ត្ររបស់កម្ពុជា។

អាជ្ញាធរជាតិអប្សរា បានកំពុងរៀបចំបង្កើត ជាដំណើរការខ្សែទស្សនា ជិះទូកនៅក្នុងបារាយជយតដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ) ដោយមានការដាក់ឱ្យ មានការជិះទូកកំសាន្ត ដើម្បីទស្សនាទេសភាពដ៏ត្រកាល ក៏ដូចជាស្រូបយក ខ្យល់អាកាសបរិសុទ្ធជាដើម។ ជាមួយគ្នានោះដែរ ក៏មានការបង្កើតឱ្យមាន ការជិះកង់កំសាន្ត ដើម្បីទៅទស្សនា នៅតាមតំបន់ជាច្រើន ជាពិសេសមានសុវត្ថិភាព ពុំបញ្ចេញផ្សែងពុល និងជួយទៅដល់សុខភាព ថែមទៀតផង។

តាមរយៈការរៀបចំ ឱ្យមានកម្មវិធីនេះឡើង លោក ឡុង កុសល អគ្គនាយករងទទួលបន្ទុក អភិវឌ្ឍទេសចរណ៍ និងវប្បធម៌ បានបញ្ជាក់ដូច្នេះថា មានការជិះសាកល្បង ដោយជិះកង់ចេញពី ប្រាសាទតាកែវ ឆ្លងកាត់ និងទស្សនាប្រាសាទតានៃ ស្ពានយោលឆ្លងស្ទឹងសៀមរាប រានទស្សនាបារាយណ៍ខាងជើង ទ្វារទឹក និងជាទំនប់បង្ហៀរទឹ កបារាយណ៍ខាងជើង ស្ថានីយបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរា នៅប្រាសាទព្រះខ័ន និងប្រាសាទព្រះខ័ន។

កម្មវិធី ដែលស្ថិតក្រោមជំនួយឧបត្ថម្ភ ពីអង្គការ GIZ សម្របសម្រួលដោយ អង្គការយូណេស្កូ ក្នុងគម្រោង ដាក់ដំណើរការឡើងវិញ នូវសហគមន៍ ទេសចរណ៍បារាយណ៍ជយតដាក។ កម្មវិធីនេះ មានការចូលរួមពីសំណាក់ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាលបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ រដ្ឋបាលស្រុកអង្គធំ សមាគមន៍ទីស្នាក់ការ ទេសចរណ៍កម្ពុជា ភ្នាក់ងារ និងក្រុមហ៊ុនទេសចរណ៍ ជាច្រើនទៀត។

ខ្សែទស្សនាថ្មីមួយនេះ នឹងផ្ដល់ឱ្យអ្នកជិះកង់ ទទួលបានបទពិសោធន៍ល្អ តាមរយៈការគយគន់ ទេសភាពធម្មជាតិ ស្រូបយកខ្យល់បរិសុទ្ធ ព្រមទាំងបានស្វែងយល់ ពីប្រព័ន្ធធារាសាស្រ្ត សម័យអង្គរ រួមទាំងខ្សែទស្សនាជិះទូកអុំ បែបបុរាណនៅក្នុង បារាយណ៍ជយតដាក សុទ្ធសឹងតែជាផលិតផល ទេសចរណ៍ថ្មីនៃអង្គរ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ដើម្បីឱ្យគម្រោងនេះ ដំណើរការ លទ្ធផលនៃកិច្ចពិគ្រោះយោបល់ ប្រកបដោយផ្លែផ្កា នឹងត្រូវសរុបជូន ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹក នាំនៃសហគមន៍ទេសចរណ៍ បារាយណ៍ជយតដាក ដើម្បីពិនិត្យ និងសម្រេចនាពេល ខាងមុខឆាប់ៗនេះ៕