អង្គការឯកជនមួយចំនួនរបស់ថៃ គ្រោងបង្កើនជំនាញភាសាជាតិថៃ ដល់ពលករចំណាកស្រុក ក្នុងប្រទេសរបស់ខ្លួន


បណ្តាអង្គការមិនមែនរដ្ឋាភិបាល (Non-governmental organizations) នៅទីក្រុងបាងកក និងបណ្តាខេត្តជិតខាង កំពុងផ្តួចផ្តើមកម្មវិធីមួយ ដើម្បីអភិវឌ្ឍជំនាញភាសាថៃ និងចំណេះដឹងកុំព្យូទ័រ ក្នុងចំណោមពលករ ទេសន្តរប្រវេសន៍។ លោក សំពុង ស្រាកែវ (Sompong Srakaew) នាយកមូលនិធិបណ្តាញ លើកកម្ពស់សិទ្ធិការងារ (Labour Rights Promotion Network Foundation) បាននិយាយថា យុទ្ធនាការនេះមានគោលបំណង លើកកម្ពស់គុណភាពជីវិត របស់ពលករ និងដើម្បីធានាថា ពួកគេទទួលបានសុខុមាលភាព និងជំនួយត្រឹមត្រូវ នៅពេលធ្វើការងារ នៅក្នុងប្រទេសថៃ។

យោងតាមលោក សំពុង បានឱ្យដឹងថា មូលនិធិ LPN បានបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួន 15 នៅក្នុងខេត្តសាមុតសាកន ខេត្តសាមុតប្រាកាន ទីក្រុងបាងកក ខេត្តប៉ាធុមថានី និងខេត្តភេតចាបុរី ដែលពលករទេសន្តរប្រវេសន៍ អាចរៀនអំពីភាសា សិទ្ធិ និងវប្បធម៌ តាមរយៈវគ្គសិក្សាប្រចាំសប្តាហ៍បាន។ ដោយមានជំនួយពី ក្រុមស្ម័គ្រចិត្ត ពួកគេនឹងត្រូវបាន បង្រៀនឱ្យចេះនិយាយ អាន និងសរសេរភាសាថៃ ដែលអាចឱ្យពួកគេសន្ទនា ប្រកបដោយប្រសិទ្ធភាព ជាមួយអ្នកនិយាយភាសាដើម។

កាលពីពេលថ្មីៗនេះ មូលនិធិ LPN និងវិទ្យាស្ថានសិក្សា សម្រាប់មនុស្សគ្រប់គ្នា (The Learning Institute For Everyone) បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា (MoU) មួយស្តីពីសិទ្ធិ ទទួលបានការអប់រំ និងការបណ្តុះបណ្តាល របស់ពលករទេសន្តរប្រវេសន៍។ មហាវិទ្យាល័យសិល្បៈនៃ សាកលវិទ្យាល័យសីលប៉ាកន ក៏បានចូលរួមជាមួយ សំណើមួយដែលផ្តល់ ការប្រឡងសមត្ថភាពភាសាថៃ និងសញ្ញាបត្រដែលអាច ជួយដល់ពលករទេសន្តរប្រវេសន៍ ក្នុងការទទួលបាន ការងារកម្រិតខ្ពស់ បន្ថែមទៀត។

លោក ស៊ូថាស៊ីនី កែវលេកឡៃ (Sunthasinee Kaewleklai) អ្នកសម្របសម្រួល បណ្តាញសិទ្ធិពលករ ទេសន្តរប្រវេសន៍បានថ្លែងថា មុនពេលមានជំងឺរាតត្បាត បណ្តាញនេះបានចាប់ផ្តើមប្រើប្រាស់ ការិយាល័យរបស់ខ្លួន ជាមជ្ឈមណ្ឌល សម្រាប់បង្រៀនភាសាថៃ និងភាសាអង់គ្លេស និងបង្រៀនជំនាញ ព័ត៌មានវិទ្យា ដើម្បីជួយដល់និយោជិត ទេសន្តរប្រវេសន៍ ដែលនិយាយភាសាថៃ អាចពង្រីកជម្រើសការងារ របស់ពួកគេ ដោយក្លាយជា អ្នកសម្របសម្រួលភាសា និងអ្នកបកប្រែ នៅតាមមន្ទីរពេទ្យ គ្លីនិក និងស្ថាប័ន ឯកជននានា៕