ការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប ក្នុងឆ្នាំ២០២៣ ត្រូវបានសម្រេចជាផ្លូវការ


ការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ មានចំនួន ២០០ដុល្លារអាមេរិក ខណៈដែលភាគីសហជីព និងនិយោជកឯកភាពគ្នា ក្នុងតួលេខចំនួន ១៩៨ ដុល្លារអាមេរិក ហើយប្រមុខរាជរដ្ឋាភិបាលបន្ថែម២ដុល្លារ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា នាព្រឹក ថ្ងៃទី២១ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជា តំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគី រាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំ ចំនួន ២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករ និយោជិតចំនួន ៧លើក, ភាគីនិយោជកចំនួន ៣លើកភាគីរដ្ឋាភិបាលចំនួន ២លើក, ទ្វេភាគីរាជរដ្ឋាភិបាល ជាមួយភាគីកម្មករ និយោជិត និងភាគីនិយោជកចំនួន ៨លើក និងត្រីភាគីចំនួន ៥លើក) កាលពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើ គោលការណ៍ប្រជាធិតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។

ឯកឧត្តមបន្ដថា ទោះបីជាមាន កិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបាន ឯកភាពគ្នា ជាឯកច្ឆន្ទ លើតួលេខណាមួយឡើយ ដោយតំណាងភាគី កម្មករនិយោជិត បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាមេរិក ២១០ដុល្លារអាមេរិក និង២១៣ដុល្លារអាមេរិក តំណាងភាគីនិយោជក បានដំឡើង ដល់តួលេខចំនួន ១៩៨ ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើ លក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ ១៩៨ដុល្លារអាមេរិក។ យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានអនុវត្តនូវនីតិវិធី បោះឆ្នោតជាសម្ងាត់។

នាកិច្ចប្រជុំព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ដើម្បីគាំទ្រលេខនីមួយៗ ដោយទទួល បានលទ្ធផលដូច ខាងក្រោម៖

*តួលេខចំនួន ១៩៨ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៤៦សំឡេង លើ ៥១សំឡេង, 
*តួលេខចំនួន ២០៦ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង,
*តួលេខចំនួន ២១០ដុល្លារអាមេរិក ទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង,
*តួលេខចំនួន ២១៣ ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៥សំឡេង លើ ៥១សំឡេង, និងសំឡេង មិនបានការចំនួន០។

ដូចនេះ ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាមេរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើ ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ដោយស្ថិតនៅ ក្នុងស្ថានភាពដែល កម្ពុជាបានបង្កើតនូវ ភាពស៊ាំសហគមន៍ ដែលអនុញ្ញាតឱ្យ ដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ និងត្រឡប់ទៅរកនិន្នាការធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងសំដៅសម្រាលបន្ទុក របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះ ពាល់ពីការកើនឡើងថ្លៃទំនិញ ដែលបង្កដោយសារសង្គ្រាមរវាង ប្រទេសរុស្ស៊ី និងអ៊ុយក្រែន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ ចំនួន ២ (ពីរ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាមេរិក។

ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួល អប្បបរមាចំនួន ២០០(ពីររយ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត ពេញសិទ្ធិ និងចំនួន ១៩៨ (មួយរយកៅសិបប្រាំបី) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង។ ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិត ធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយ ធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ ប្រាក់ថ្លៃបាយ សម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២.០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយ មួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការ ចាប់ពីឆ្នាំ ទី២ ដល់ឆ្នាំទី១១។

ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្ស យ៉ាងតិចចំនួនពី ២១៧ (ពីររយដប់ប្រាំពីរ) ដុល្លារអាមេរិក ដល់ ២២៨ (ពីររយម្ភៃប្រាំបី) ដុល្លារអាមេរិក ក្នុងមួយខែ។ ឯកឧត្តមបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យ ច្បាស់លាស់ និងប្រកប ដោយគតិបណ្ឌិត ក្នុងការដាក់ចេញនូវ គោលនយោបាយ និងវិធានការណ៍ដ៏មុតស្រួច ក្នុងការគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិត និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ជាពិសេសការរក្សាបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សា បាននូវភាពប្រកួតប្រជែង ការទាក់ទាញវិនិយោគថ្មីៗ និងការបង្កើតការងារថ្មី កាន់តែល្អប្រសើរជាងមុន។

ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន សម្រេចផ្ដល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាមេរិក លើតួលេខដើម របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា ដែលការបន្ថែមនេះ នឹងរួមចំណែកធ្វើឱ្យ ជីវភាពរស់នៅ របស់បងប្អូនកម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរ និងកាបូប និងក្រុមគ្រួសារ កាន់តែមានភាពល្អប្រសើរ ឡើងជាងមុន។ ជាមួយគ្នានេះ ឯកឧត្តមក៏ថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួម យ៉ាងសកម្មប្រកបដោយ ការទទួលខុសត្រូវ និងកាន់តែមាន ភាពចាស់ទុំក្នុងការពិភាក្សា ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ នេះ៕