ចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋគួរយល់ដឹង មុនការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ


ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យ ការងារត្រៀមរៀបចំ បើកឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន (CRBC)។

ថ្លែងក្នុងបទសម្ភាសន៍ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នាឱកាសចុះពិនិត្យ វឌ្ឍនភាពការងារចុងក្រោយ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់ សាកល្បងដោយឥតគិតថ្លៃ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ឱ្យដឹងថា៖ គម្រោងការងារសាងសង់ ផ្លូវល្បឿនលឿន សម្រេចបានស្ទើរតែ ១០០% ហើយ លឿនជាងផែនការគ្រោងទុក រហូតដល់ទៅ ០៨ខែ ហើយការងារដែល នៅសេសសល់មួយចំនួន នឹងត្រូវបញ្ចប់ឱ្យបាន រួចរាល់នាពេល ដ៏ខ្លីខាងមុខនេះ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ គួរយល់ដឹង ដើម្បីឱ្យការប្រើប្រាស់ ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់ របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវ តាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា៖ របៀបប្រើប្រាស់គន្លងផ្លូវល្បឿន បើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀប នៃការវ៉ាជែងផងដែរ។

ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឬ ២៧kw ឡើង មានបំណងបើកបរលើ ផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើ សុំស្លាកសញ្ញា សម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូនជាមុន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ក្រសួងបានរៀបចំ ផលិតនូវវីដេអូអប់រំ ស្តីពីការប្រើប្រាស់ ផ្លូវល្បឿនលឿននេះដែរ ហើយត្រៀមនឹង ផ្សព្វផ្សាយនាពេលឆាប់ៗ ខាងមុខនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងដែរ អំពីរបៀបនៃការទូទាត់សេវា ប្រើប្រាស់ផ្លូវល្បឿនលឿននេះ តាមរយៈការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិច ETC ក្រោយដំណើរការសាកល្បង។ ក្រសួង និងក្រុមហ៊ុន កំពុងសហការរៀបចំ ប្រព័ន្ធបច្ចេកវិទ្យា ដែលមានលក្ខណៈសាមញ្ញ សម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចធ្វើការបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿនលឿន ដោយមិនចាំបាច់ឆ្លងកាត់ នីតិវិធីស្មុគស្មាញ និងមិនចាំបាច់តម្រូវ ឱ្យចេះប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។ រីឯការបង់ប្រាក់ នឹងអាចធ្វើបាន ជាមួយជម្រើសសំបូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ 

បច្ចេកវិទ្យានេះ ក៏នឹងសម្រួលដល់ ការចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ ចំណាយពេលយូរ នៅច្រកចេញចូលឡើយ។ ដើម្បីចូលទៅកាន់ ផ្លូវល្បឿនលឿនបាន បងប្អូនដែលជា អ្នកបើកបរត្រូវប្រើប្រាស់ យានយន្តបានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅក្នុងសុពលភាព ឱ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ដែលកំណត់ដោយក្រសួង ដើម្បីធានាបាន សុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយ បទល្មើសនានា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវ មោទនភាពជាអនេក ដែលកម្ពុជាយើង ស្ថិតក្រោមដំបូលសុខសន្តិភាព កើតចេញពី ការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱកាស ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បានកសាងផ្លូវល្បឿនលឿន ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត និងជាមោទនភាព របស់ប្រជាជាតិខ្មែរទាំងមូល។ ក្រៅពីមោទនភាពដ៏ធំមួយនេះ ផ្លូវល្បឿនលឿននឹងនាំមកនូវ ការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បង្កើននូវលំហូរទេសចរណ៍ និងបង្កើតការងារជូន ដល់បងប្អូនប្រជាពលរដ្ឋ សំដៅចូលរួម ចំណែកក្នុងការ កាត់បន្ថយភាពក្រីក្រផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា៖ គ្មានសុខសន្តិភាព ក៏គ្មានការវិនិយោគអ្វីទាំងអស់ និងបានអំពាវនាវ សុំឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមដំណើរជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារ សុខសន្តិភាពមួយនេះ ឱ្យបាន នោះទើបយើងមាន ឱកាសកសាងផ្លូវថ្មីៗ ល្អៗបន្តទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ពី គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនជាច្រើន ដែលបាន នឹងកំពុងសិក្សារួម មានដូចជា៖ គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់ រថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ គម្រោងធ្វើទំនើបកម្ម ផ្លូវរថភ្លើងដែលមានស្រាប់ ឱ្យទៅជាផ្លូវរថភ្លើង ល្បឿនលឿន ព្រមទាំងគម្រោងពង្រីក ការដឹកជញ្ជូនផ្លូវទឹក តាមទន្លបាសាក់ជាដើម។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ រាជរដ្ឋាភិបាល កំពុងសិក្សាធ្វើ ផែនការមេ ឱ្យក្រុងព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង ដើម្បីទាក់ទាញទេសចរណ៍ និងវិនិយោគិន បង្កើតរោងចក្រឧស្សាហកម្ម និងដើម្បីបម្រើដល់ វិស័យទេសចរណ៍ ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែជាដើម ធ្វើយ៉ាងណាឱ្យ ការដឹកទំនិញរបស់យើង អាចប្រកួតប្រជែង និងទាក់ទាញវិនិយោគបាន។

ឆ្លើយតបទៅនឹង មតិរិះគន់មួយចំនួន ដែលតែងតែលើកឡើងថា៖ ការប្រើប្រាស់ ប្រាក់កម្ចីសម្រាប់ កសាងប្រទេស ធ្វើឱ្យប្រទេសធ្លាក់ជាប់ ក្នុងអន្ទាក់បំណុល និងភាពក្រីក្រដោះខ្លួនមិនរួច ទៅថ្ងៃអនាគតនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ បំណុលជាតិរបស់ប្រទេសមួយ អាចមានហានិភ័យ ចាប់ពីទំហំបំណុលរបស់ខ្លួន កើនឡើងលើសពី ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ដោយឡែក បំណុលរបស់កម្ពុជាសព្វថ្ងៃនេះ មិនទាន់ឈានដល់ ៣០% នៅឡើយទេ ដោយសារកម្ពុជា ចេះគ្រប់គ្រងបំណុល របស់ខ្លួនឱ្យនៅក្នុងកម្រិតមួយ ដែលយើងអាចគ្រប់គ្រងបាន ពោលគឺ៖ មុននឹងកម្ពុជាខ្ចីថវិកាគេ មកអភិវឌ្ឍអ្វីមួយ កម្ពុជាយើងបានគិតគូរ យ៉ាងម៉ត់ចត់ទៅលើ ផលចំណេញ ឬខាត នៅក្នុងគម្រោងអភិវឌ្ឍន៍នោះ រួចទៅហើយ។

សូមជម្រាបជូនថា៖ បន្ទាប់ពីចំណាយពេលជាង ៤០ខែ ក្នុងការសាងសង់ ផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតក្នុង ព្រះរាជាណាចក្រកម្ពុជា បានលេចចេញជា រូបរាងឡើងយ៉ាងប្រត្យក្ស និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍អ្នកដំណើរ ក្នុងការសាកល្បងប្រើប្រាស់ និងទទួលយក បទពិសោធន៍ថ្មី នៃការបើកបរ។ ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពី“រាជធានីភ្នំពេញ"  ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត “ក្រុងព្រះសីហនុ” មានប្រវែងសរុប ១៨៧.០៥ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕