ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ សន្យាថាផ្ដល់ទំហំហិរញ្ញប្បទានកាន់តែច្រើន ដល់កម្ពុជា


ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា AFD បានសន្យាថា នឹងបង្កើនទំហំហិរញ្ញប្បទាន កាន់តែច្រើនបន្ថែមទៀត ដលរដ្ឋាភិបាលកម្ពុជា ក្នុងការយកទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែប្រសើរឡើង ស្របទៅតាមស្ថានភាព នាពេលបច្ចុប្បន្ន។

ស្ថិតក្នុងជំនួបរវាង ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Jean-Pierre Marcelli នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ លោកនាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (The Agence Francaise de Developpement ហៅកាត់ថា AFD) ដែលចូលមកកាន់មុខដំណែងថ្មី ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា AFD នឹងបន្តបង្កើនទំហំហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់កម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង បរិយាកាសបច្ចុប្បន្ន។

ក្នុងឱកាសនោះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ AFD ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្ដល់ ហិរញ្ញប្បទានដល់រដ្ឋាភិបាល និងទៅកាន់វិស័យឯកជន នាពេលកន្លងមក។ ជាក់ស្ដែង ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹង តម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលា ស្របតាមកម្មវិធី និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសបានអនុលោម ទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ, យុទ្ធសាស្រ្តចតុកោណ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង បំណុលសាធារណៈ, ក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២២ - ២០២៤ ជាដើម។

ជាការឆ្លើយតប លោក Jean-Pierre Marcelli បានសម្ដែងនូវការសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្រេចបាននូវ លទ្ធផលជាច្រើន ក្នុងការទទួលបាន កំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ លោកបានវាយតម្លៃខ្ពស់ថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព និងបានបើកដំណើរការ ប្រទេសជាតិឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ចរីកលូតលាស់ ឡើងវិញយ៉ាងឆាប់រហ័ស។ តាមរយៈស្នាដៃនេះ AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំ ហិរញ្ញប្បទានបន្ថែមទៀត ឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ AFD ក្រោមការដឹកនាំ របស់សាធារណរដ្ឋបារាំង បានផ្តល់ហិរញ្ញប្បទានសរុប ប្រមាណ ៨៨៨ លាន អឺរ៉ូ ស្មើនឹងជាង ៨៨០ លានដុល្លារអាមេរិក ដល់កម្ពុជារួចមកហើយ ដោយក្នុងនោះមាន ឥណទានសម្បទានចំនួន ៥៣៣ លានអឺរ៉ូ ឬជាង ៥៤០ លានដុល្លារអាមេរិក និងហិរញ្ញប្បទាន ឥតសំណងចំនួន ១៧៨ លានអឺរ៉ូ ឬជាង ១៧៦ លានដុល្លារអាមេរិក ដោយផ្ដោតលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល៕