តើពិធីបោះបាយបិណ្ឌ មានអត្ថន័យបែបណា?


បាយបិណ្ឌ គេដឹងជាទូទៅថា រៀបចំបោះអោយប្រេត នៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងខែភទ្របទ។ តើយើងស្គាល់រូបប្រេត តាំងពីពេលណាមក? បច្ចុប្បន្ននេះ យើងស្គាល់ប្រេត នៅតាមរូបគំនូរក្នុងទីវត្តអារាម និងតាមជញ្ជាំង នៃព្រះវិហារព្រះពុទ្ធសាសនាប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវ អរិយធម៌ខ្មែរនៅអាជ្ញាធរជាតិអប្សរា លោកគ្រូ អាំង ជូលាន បានប្រទះឃើញ រូបភាពប្រេត នៅលើចម្លាក់មួយ នៅប្រាសាទតានៃ ក្នុងតំបន់អង្គរ ហើយប្រហែលជាមានតែមួយគត់ ដែលចាស់ជាងគេក្នុងសិល្បៈខ្មែរ។ ចំណែកគម្ពីព្រះពុទ្ធមហាយាន Kāraṇḍavyūha ដែលបានសរសេរនៅតំបន់កាស្មៀ ប្រទេសឥណ្ឌា តាំងពីសតវត្សទី៥ បានរៀបរាប់រឿងរ៉ាវ របស់ព្រះអវលោកិតេសូរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុង រជ្ជកាលរបស់ព្រះអង្គ នៅចុងសតវត្សទី១២ មានបង្ហាញរឿង ព្រះអវលោកិតេសូរ សង្គ្រោះប្រេត។

តាំងតែពីជាង ៩០០ ឆ្នាំមុន អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ទំនងជាប្រតិបត្តិគម្ពីរ ព្រះពុទ្ធសាសនាមហាយាន Kāraṇḍavyūha តាំងពីអំឡុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ នៃគ្រឹស្ដសករាជ សម្រាប់ស្រោចស្រង់អ្នកស្លាប់ ក្នុងចម្បាំងបង្ហូរឈាមដ៏ធំមួយ ដើម្បីរំដោះរាជធានីអង្គរ ចេញពីទ័ពចម្ប៉ា។ ដោយសារតែចម្បាំងនោះ ធ្វើអោយរាស្ត្រ ជាច្រើនបានស្លាប់ រួមទាំងញាតិវង្សផង រងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារ និងកងទ័ពពលីជីវិត។ ព្រះបាទជ័យវរ្ម័នទី៧ មានព្រះទ័យជឿថា ព្រះញាតិវង្ស មន្ត្រី រាស្ត្រប្រជា និងកងទ័ពខ្លះបានចែកឋាន អាចនឹងកើតជាប្រេត ទទួលរងកម្មនៅឋានប្រេត។ មានតែព្រះអវលោកិតេសូរទេ តាមទំនៀមក្នុងគម្ពីរ Kāraṇḍavyūha មានអំណាច និងលទ្ធភាពជួយ សង្គ្រោះពួកប្រេតទាំងនោះ អោយបានកើតជាមនុស្សវិញបាន។ រឿងរ៉ាវអំពីប្រេតទាំងនវ បានឆ្លាក់រូបទុក នៅលើហោជាងថ្ម នៃខ្លោងទ្វារខាងកើត របស់ប្រាសាទតានៃ ក្នុងទឹកដីខេត្តសៀមរាបបច្ចុប្បន្ន។

បើតាមជំនឿព្រហ្មញ្ញសាសនា ដើម្បីសង្គ្រោះពួកប្រេតទាំងនោះ មកឋានមនុស្សវិញបាន មានកិច្ចពិធីមួយ គឺបោះបាយបិណ្ឌ ដែលបុព្វបុរសខ្មែរ តែងធ្វើរហូតក្លាយទៅជា ប្រពៃណីរបស់ខ្លួន មកដល់សព្វថ្ងៃ។ ពិធីបោះបាយបិណ្ឌ មិនមែនក្នុងន័យ សម្រាប់បោះអោយប្រេត ដែលកំពុងស្រេកឃ្លាននោះទេ ប៉ុន្តែបាយដែលបានពូត ចេញពីអង្ករដំណើប ដែលស្អិតចំនួន ១៩ ពំនូត ជាតំណាងអោយរូបកាយ អាចជួយដល់ព្រលឹង អ្នកដែលបានស្លាប់កើតជាប្រេត ត្រលប់មកយករូបកាយរបស់ខ្លួន កើតជាមនុស្សវិញបាន។

តើពិធីបោះបាយបិណ្ឌ ធ្វើឡើងតែពេលភ្ជុំបិណ្ឌ ឬអាចធ្វើពេលផ្សេងទៀត? តាមអ្នកស្រាវជ្រាវ សិលាចារិកសម័យបុរាណ បានរកឃើញថា ពិធីបោះបាយបិណ្ឌ ដើម្បីស្រោចស្រង់ព្រលឹងប្រេត ត្រលប់មកកើតជាមនុស្សវិញ ប៉ុន្តែក៏មិនមែនធ្វើបាន តែក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែរ។ ទំនៀមទម្លាប់នេះ គឺអាចអនុវត្ត ៤ ដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃសមរាត្រី ដែលកើតឡើង ២ ដងក្នុងមួយឆ្នាំ ខែកញ្ញានិងមីនា នៅពេលមានព្រឹត្តិការណ៍ យប់វែងជាងថ្ងៃ កើតឡើងម្ដងក្នុងមួយឆ្នាំ និងនៅពេលដែលមាន ព្រឹត្តិការណ៍ថ្ងៃវែងជាយប់ កើតឡើងម្ដងក្នុងមួយឆ្នាំផងដែរ។

បើនៅស្រុកឥណ្ឌាវិញ តាមជំនឿព្រហ្មញ្ញសាសនា ពិធីបោះបាយបិណ្ឌ ត្រូវបានធ្វើឡើងទៅតាម ក្នុងគ្រួសារតូចៗប៉ុណ្ណោះ ប៉ុន្តែពិធីនេះត្រូវបាន ព្រះមហាក្សត្រខ្មែរសម័យបុរាណ យកមកធ្វើជាទម្រង់ពិធីធំ និងទូលំទូលាយជារបស់ខ្មែរ សម្រាប់ញាតិសន្ដានច្រើនជំនាន់ សាច់សារលោហិត មនុស្សចាស់ៗ ក្មេងៗ ដឹងគុណដល់ អ្នកស្នេហាជាតិទាំងឡាយ ដែលបានពលីក្នុង ចម្បាំងការពារទឹកដី មាតុភូមិ និងក្លាយទៅជា ពិធីបុណ្យប្រពៃណីជាតិ មកទល់សព្វថ្ងៃ។