ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍសហរដ្ឋអាមេរិក នឹងជួយប្រទេសថៃ ក្នុងការអភិវឌ្ឍ គម្រោងទីក្រុងឆ្លាតវៃ


ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍសហរដ្ឋអាមេរិក (USDA) បានផ្តល់ជំនួយបច្ចេកទេស ដល់ទីភ្នាក់ងារ លើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) របស់ប្រទេសថៃ ដើម្បីជំរុញការអភិវឌ្ឍ គម្រោងទីក្រុងឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសំខាន់ៗ (ICT) សម្រាប់ខេត្តភូកេត។ នាយក USTDA លោក Enoh T. Ebong បាននិយាយថា «ប្រទេសថៃមានរបៀបវារៈ ក្នុងការរចនាទីក្រុងឆ្លាតវៃ ហើយ USTDA មានមោទនភាព ក្នុងការចាប់ដៃគូជាមួយ DEPA និងរដ្ឋបាលខេត្តភូកេត ដើម្បីសម្រេច បាននូវគោលដៅរបស់ពួកគេ។»

លោកបានបន្ថែមថា «តាមរយៈការជួយខេត្តភូកេត ក្នុងការដាក់ចេញនូវ ដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិត និងទំនើបទាំងនេះ យើងនឹងផ្តល់ឥទ្ធិពលវិជ្ជមានទៅ លើជីវភាពរស់នៅ របស់ប្រជាជនថៃ និងភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ ដែលមកទស្សនាជារៀងរាល់ឆ្នាំ។ ការងាររបស់យើង ក៏នឹងជួយបង្កើត ឱកាសសម្រាប់ក្រុមហ៊ុន របស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ ប្រភេទបច្ចេកវិទ្យា និងសេវាកម្មដែលបំពេញ តម្រូវការជាក់លាក់ របស់ខេត្តភូកេតក៏បាន»។ យោងតាមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា ជំនួយរបស់ USTDA នឹងជួយបង្កើតតម្រូវការបច្ចេកទេស និងយុទ្ធសាស្ត្រលម្អិតសម្រាប់ ការបង្កើតវេទិកាទិន្នន័យ ទីក្រុងឆ្លាតវៃភូកេត ដែលជាឧបករណ៍ប្រើប្រាស់ ការច្នៃប្រឌិតទិន្នន័យ និងបច្ចេកវិទ្យា ដើម្បីកែលម្អប្រសិទ្ធភាព នៃការគ្រប់គ្រងទីក្រុង និងសេវាកម្មប្រជាពលរដ្ឋ។

ជំនួយនេះនឹងជួយសម្រួល ដល់ការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាព មជ្ឈមណ្ឌលប្រតិបត្តិការរួម និងហេដ្ឋារចនាសម្ព័ន្ធ ICT ស្នូលរបស់ខេត្តភូកេត រួមទាំងការគ្រប់គ្រង ចរាចរណ៍ និងប្រព័ន្ធទំនាក់ទំនងសង្គ្រោះបន្ទាន់ បណ្តាញខ្សែកាបអុបទិក ម៉ាស៊ីនមេទិន្នន័យ សន្តិសុខ ហ្វាយប័រ និងការអភិវឌ្ឍបណ្តាញ 5G។ លោកស្រី Gwendolyn J. Cardno ភារធារីនៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងបាងកក បាននិយាយថា «គម្រោងនេះ គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយ អំពីរបៀបដែលភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងថៃ អាចជំរុញសេដ្ឋកិច្ចឌីជីថល ដ៏រស់រវើក និងផ្តល់អត្ថប្រយោជន៍ផ្ទាល់ សម្រាប់ប្រជាជនថៃ ខណៈដែលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការបង្កើតទីក្រុងបៃតង និងឆ្លាតវៃជាងមុន និងវិស័យទេសចរណ៍ ដែលមានតម្លៃខ្ពស់»។

លោកស្រីក៏បាននិយាយផងដែរថា «ជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូ ប្រទេសថៃអាចទទួលបាន អត្ថប្រយោជន៍ពីការច្នៃប្រឌិត របស់សហរដ្ឋអាមេរិក ជាច្រើនទសវត្សរ៍កន្លងមក និងមានការរីកចម្រើនក្នុង យុគសម័យនៃការផ្លាស់ប្តូរ ឌីជីថលនេះ» ៕