កម្ពុជា ចេញសេចក្ដីណែនាំ ៤ ចំណុច ដើម្បីពង្រឹងការគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព!


យោងតាមសេចក្ដីណែនាំ ចេញដោយក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថាដោយសារ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសទាំងស្រុងមក អាជីវកម្មទេសចរណ៍ បានបន្តបើកទ្បើងវិញ ជាបន្តបន្ទាប់ និងមានសកម្មភាពល្អប្រសើរ។

ទន្ទឹមនេះ ក្រសួងទេសចរណ៍ បានសង្កេតឃើញថា មានការលេចទ្បើងវិញផងដែរ នូវការប្រកបអាជីវកម្មទេសចរណ៍ ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ ដែលទាមទារការយក ចិត្តទុកដាក់ខ្ពស់ពីលោក-លោកស្រី ជាម្ចាស់អាជីវកម្មទេសចរណ៍ និងទេសចរជាតិ អន្តរជាតិ ក្នុងកិច្ចសហការប្រកបអាជីកម្ម ជាមួយអាជីវកម្មទេសចរណ៍ទាំងនោះ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

១. មុននឹងប្រើប្រាស់សេវាកម្ម ឬផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍និងទេសចរជាតិ អន្តរជាតិ ទាំងអស់ត្រូវសួររក អាជ្ញាបណ្ណទេសចរណ៍ ដោយធ្វើការស្គេន QR Code នៅលើសន្លឹក អាជ្ញាបណ្ណទេសចរណ៍ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវជាមុនសិន។

២. ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះស្នាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ ក្រុមហ៊ុនគ្រប់គ្រង ប្រព័ន្ធកក់សំបុត្រយន្តហោះ (Ground Distribution System) និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មិនត្រូវចុះហត្ថលេខា ឬផ្តល់កិច្ចសហការ ផ្គត់ផ្គង់សេវាកម្ម ទេសចរណ៍ ឬអនុញ្ញាតផ្តល់ប្រព័ន្ធកក់សំបុត្រ ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ណា ឬបុគ្គលណាម្នាក់ ដែលប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ នោះឡើយ។

៣. ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនគ្រប់គ្រង ប្រព័ន្ធកក់សំបុត្រយន្តហោះ (Ground Distribution System) ត្រូវទទួលខុសត្រូវ ចំពោះការខាតបង់ ឬហានិភ័យផ្សេងៗ ក្នុងករណីផ្តល់ កិច្ចសហការជាមួយ ដៃគូផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ឬបុគ្គលណា ដែលប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍។

៤. ចំពោះលោក-លោកស្រី ដែលកំពុងធ្វើអាជីវកម្ម ជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍ដោយ គ្មានអាជ្ញាបណ្ណទេសចរណ៍ ហើយកំពុងមានសកម្មភាព ផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានា ត្រូវមកដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណទេសចរណ៍ នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឬអាចស្នើសុំដោយផ្ទាល់ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDx) ដែលមានគេហទំព័រ mot.registrationservices.gov.kh។ ក្នុងករណីនៅតែបន្ត សកម្មភាពអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ទៀត លោក-លោកស្រីនឹងត្រូវប្រឈមនឹង វិធានការណ៍ផ្លូវច្បាប់ជាធរមាន។

គួរបញ្ជាក់ផងដែថា ការចេញសេចក្ដីណែនាំនេះ គឺដើម្បីពង្រឹង ការគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ ឲ្យប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ស្ដីពីទេសចរណ៍ និងបង្កើនការប្រុងប្រយ័ត្ន ក្នុងកិច្ចសហការរវាងការីទេសចរណ៍ និងភា្នក់ងារទេសចរណ៍ជាមួយ ដែគូផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ដទៃទៀត។