ផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ត្រៀមនឹងបើកការដ្ឋានសាងសង់ នាពេលឆាប់ៗខាងមុខ!


យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ មានការអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងមន្ត្រី ជំនាញពាក់ព័ន្ធ ស្ដីពីកិច្ចប្រជុំពិភាក្សាលើកទី១ នៃគម្រោងលើកកម្ពស់ គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយក្នុងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណង ដើម្បីលើកកម្ពស់គុណភាព ផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម និងការត្រៀមបើក ការដ្ឋានសាងសង់ នាពេលខាងមុខ។

កិច្ចប្រជុំនេះដែរ មានការរៀបចំឡើង ក្នុងគោលបំណង ៣ សំខាន់ៗបន្ថែមទៀត រួមមាន៖

១) ណែនាំសមាសភាព ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីឱ្យក្រុមការងារទាំងពីរ អាចសហការការងារ បានរលូនប្រកប ដោយប្រសិទ្ធភាព

២) ធ្វើបទបង្ហាញពី លទ្ធផលនៃការសិក្សាគម្រោង លើកកម្ពស់គុណភាព ផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម

និង ៣) បែងចែកក្រុមការងារ សម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំសណ្ដាប់ធ្នាប់ ទីតាំងការដ្ឋាន និងត្រៀមផ្សព្វផ្សាយជូនដំណឹង ដល់ប្រជាពលរដ្ឋអំពី ការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ៧ នេះ នាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ផងដែរថា គម្រោងលើកកម្ពស់ គុណភាពផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៥០ គីឡូម៉ែត្រ គិតចាប់ ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក) គ្រោងចំណាយថវិកា សរុបប្រមាណ ១១៤,៨៩ លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពី សាធារណរដ្ឋប្រជាមានិតចិន គ្រោងចំណាយពេល សាងសង់ប្រមាណ ៣៦ខែ អនុវត្តការងារសាងសង់ ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន៕