គណៈគ្រប់គ្រងខេត្ដព្រះសីហនុ ពិភាក្សាជាមួយក្រុមហ៊ុនឯកជន លើគម្រោងវិនិយោគ កន្ត្រកខ្សែរ៉ក នៅតំបន់កោះរ៉ុង


កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាគ្នាជាមួយ លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស ស្តីពីគម្រោងសម្បទាលើ កន្ត្រកខ្សែរ៉កក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តព្រះសីហនុ។ ក្នុងកិច្ចពិភាក្សាគ្នានេះ លោកអភិបាលរងខេត្ត បានធ្វើការណែនាំឱ្យក្រុមហ៊ុន ធ្វើការវិនិយោគកន្ត្រកខ្សែរ៉ក នៅតំបន់កោះរ៉ុង និងនាំមកនូវអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូន អ្នកគ្រប់គ្រងក្រុមហ៊ុន ស្តីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយ ខេត្តព្រះសីហនុដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគ លើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុមហ៊ុន គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២។

លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានថ្លែងអំណគុណ រដ្ឋបាលខេត្ត ដែលបានឱ្យក្រុមហ៊ុន Doppelmayr Group ចូលជួបពិភាក្សានាពេលនេះ។ ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនវិនិយោគបរទេស ទើបចូលប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពី ឱកាសវិនិយោគលើ ការរៀបចំសកម្មភាពកម្សាន្ត មានទោងយោល ខ្សែរ៉ក និងសកម្មភាពកម្សាន្ត ទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាចរៀបចំ នៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ដែរថា ខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគ ទេសចរណ៍ផ្សាភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍ វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សា តាមផែនការមេអភិវឌ្ឍន៍ របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។