ផ្សារទំនើប AEON 3 និងព្រលានយន្ដហោះតេជោ ក្រុងតាខ្មៅ កំពុងជំរុញអចលនទ្រព្យ ភាគខាងត្បូងរាជធានីភ្នំពេញ!


ការបោះទុនវិនិយោគ របស់ក្រុមហ៊ុនយក្ស ជាកត្តាដ៏សំខាន់មួយ ដល់ការអភិវឌ្ឍអចលនទ្រព្យក្នុងតំបន់។ ជាក់ស្ដែក ភាគខាងត្បូងរាជធានីភ្នំពេញ កាលពីមុន ពុំមែនជាទិសដៅ ពង្រីកទីក្រុងរបស់រាជរដ្ឋាភិបាលនោះទេ ដោយសារកត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រ។ ប៉ុន្តែនៅអំឡុងខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានដាក់ចេញ ផែនការអភិវឌ្ឍន៍ភាគខាងត្បូង ក្រោយពីការសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី២ ផ្លូវសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ការវិនិយោគគម្រោងបុរីធំៗ ការអភិវឌ្ឍន៍ផ្សារទំនើប និងព្រលានយន្ដហោះអន្តរជាតិ តម្លៃដីធ្លីនៅតំបន់នោះ បានកើនឡើងយ៉ាងឆាប់រហ័ស ហើយការបើកដំណើរការផ្សារទំនើប AEON Mall 3 និងព្រលានយន្ដហោះអន្តរជាតិ គឺជាកត្តាជំរុញ វិស័យអចលនទ្រព្យ ដ៏សំខាន់នៅភាគខាងត្បូង រាជធានីភ្នំពេញ។

ផ្សារទំនើប AEON Mall 3 នឹងសម្ពោធជាផ្លូវការ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ ខណៈត្រៀមបើកដំណើរការសាកល្បង (Soft Opening) នៅពាក់កណ្ដាល ខែក្រោយនេះហើយ។ គម្រោងវិនិយោគផ្សារទំនើបនេះ នឹងដើរតួនាទីជា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកម្សាន្ដ ដែលបម្រើចរន្តសេដ្ឋកិច្ច លំហូរសាច់ប្រាក់ នៃការចែកចាយទំនិញលក់រាយ (Retail)។ ផ្សារទំនើប AEON Mall 3 ត្រូវបានវិនិយោគលើផ្ទៃដី ១៧៤ ០០០ ម៉ែត្រការ៉េ ចំណាយទឹកប្រាក់ប្រមាណ ២៩០ លានដុល្លារ ក្លាយទៅជា ផ្សារទំនើបធំជាងគេបង្អស់ នៅកម្ពុជា។

នៅចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រ ពីផ្សារទំនើប AEON Mall 3 អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ គឺជាគម្រោងវិនិយោគ ដ៏ធំបំផុតមួយនៅប្រទេសកម្ពុជា ដែលត្រូវបានបោះទុន ដោយក្រុមហ៊ុន OCIC គ្រោងនឹងចំណាយ ថវិកាសាងសង់ ១ ៥០០ លានដុល្លារ ដើម្បីសាងសង់ ព្រលានយន្ដហោះកម្រិត 4F ដែលរចនាប្លង់ ដោយក្រុមហ៊ុន Foster & Partners លើផ្ទៃដីសរុប ២ ៦០០ ហិកតា ជាអាកាសយានដ្ឋាន ទំហំធំលំដាប់ទី ៩ លើពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ គ្រោងនឹងបញ្ចប់ ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៥ ហើយយោងតាមផែនការមេ អាកាសយានដ្ឋានមាន សមត្ថភាពទទួលអ្នកដំណើរបាន ១៥ លាននាក់ នឹងឡើងដល់ ៣០ លាននាក់ក្នុងឆ្នាំ២០៥០។

ចំពោះគម្រោងធំៗ ដែលបម្រើពាណិជ្ជកម្ម និងអ្នកដំណើររាប់លាននាក់ ក្នុងមួយឆ្នាំនេះ នឹងធ្វើអោយតំបន់ ភាគខាងត្បូងរាជធានីភ្នំពេញ មានសក្ដានុពល និងការអភិវឌ្ឍន៍ ជាពិសេសឃ្លាំងស្ដុកទំនិញ សេវាកម្មចម្រុះ ភោជនីយដ្ឋាន ផ្សារទំនើបតូចធំ សណ្ឋាគារ និងគម្រោងលំនៅដ្ឋាន ជាច្រើនទៀត។