ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀត ត្រៀមសាងសង់នៅខេត្តក្រចេះ!


ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមបើកការដ្ឋាន សាងសង់ស្ពានឆ្លងទន្លេមេគង្គ មួយខ្សែទៀត ដែលជាការតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ក្រុងក្រចេះ ទៅកាន់ផ្លូវជាតិលេខ ៦០B ត្រង់ចំណុចស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជានឹងត្រូវ អនុវត្តគម្រោងសាងសង់ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងពិនិត្យគុណភាព ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវ វ៉ានអាន។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ លើគម្រោងនេះ និងបានបង្ហាញថា គម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គ នៅទីរួមខេត្តក្រចេះនេះ មានប្រវែងសរុប ១ ៧៦១ ម៉ែត្រ ដែលមានទំហំទទឹង ១៣,៥ ម៉ែត្រ នៅផ្នែកត្រើយ ខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុស្សលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ បន្ថែមទៀត គម្រោងត្រូវសាងសង់ផ្លូវតភ្ជាប់ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រ ក្នុងនោះ មានផ្លូវតភ្ជាប់ ទៅកាន់ស្ពានប្រវែង ១៥,៤៩ គីឡូម៉ែត្រ ចំណែកផ្លូវខ្នែង ក្នុងក្រុងក្រចេះ មានប្រវែង ១៦,២ គីឡូម៉ែត្រ។

គម្រោងនេះ នឹងចាប់ផ្ដើមបើកការដ្ឋាន ឆាប់ៗខាងមុខ ដោយគ្រោងចំណាយថវិកាជិត ១១២ លានដុល្លារ ជាហិរញ្ញប្បទានពី សាធារណរដ្ឋប្រជាមានិតចិន និងប្រើប្រាស់ រយៈពេលសាងសង់ ៤២ ខែ អនុវត្តការសាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យគុណភាព ដោយក្រុមហ៊ុនក្រុមប្រឹក្សា បច្ចេកទេសក្វាងចូវ វ៉ានអាន។