ធនាគារចិនជាច្រើន បញ្ចេញថវិការាប់សិបពាន់លានដុល្លារ ដើម្បីសង្គ្រោះក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន!


ប៉េកាំង៖ ស្ថានភាពទីផ្សារអចលនទ្រព្យ នៅប្រទេសចិន កំពុងប្រឈមមុខ និងបន្តរងគ្រោះដោយ ហានិភ័យជាច្រើន ដោយសាតែការធ្លាក់ចុះ នៃតម្លៃផង និងតម្រូវការទីផ្សារ មានទាបជាងមុនផង។ ការធ្លាក់ចុះនេះ បានបន្តជាច្រើនខែមកហើយ នឹងបានកំពុងបង្ក ជាការខាតបង់ថវិកាជាច្រើន របស់ម្ចាស់លំនៅដ្ឋាន និងក្រុមហ៊ុនអភិវឌ្ឍ ដោយសារតែកត្តាជាច្រើន។

ធនាគារចិន ជាច្រើនបានសម្រេចបញ្ចេញថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសហការជាមួយ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន លើផ្ទៃប្រទេស ដើម្បីដោះស្រាយ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន តាមរយៈការជួយសង្គ្រោះ ក្រុមហ៊ុនទាំងនោះ ដែលបាននឹងកំពុងរាំងស្ទះការងារ និងត្រូវប្រឈមមុខនឹង ការខាតបង់ហិរញ្ញវត្ថុទ្រង់ទ្រាយធំ។ ការផ្ដល់ជំនួយហិរញ្ញវត្ថុ តាមរយៈធនាគារនេះ គឺដើម្បីយកថវិកាទៅ ដោះស្រាយបញ្ហាប្រឈម ជៀសវាងការឈានដល់ ការប្រកាសក្ស័យធន។

តាមការចុះផ្សាយរបស់ ប្រភពព័ត៌មានក្នុងស្រុករបស់ចិន បានឱ្យដឹងថា ថវិកាដ៏ច្រើន នឹងយកទៅប្រើប្រាស់ ក្នុងគោលដៅសង្គ្រោះ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ក្រោមកិច្ចព្រមព្រៀង រវាងធនាគារចិន ដែលចាប់ដៃគូសហការណ៍ ជាមួយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន។ ការចុះកិច្ចព្រមព្រៀង ទ្វេភាគីនោះ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន អាចប្រើប្រាស់ថវិកា ក្នុងរូបភាពឥណទាន ដែលអាចយកទៅសាងសង់ ប្រើប្រាស់សម្រាប់ ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុន, ប្រើប្រាស់សម្រាប់ការធានា និងទម្រង់នៃការប្រើប្រាស់ ថវិកានេះផ្សេងៗទៀត។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិចិន (Bank of China) បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន China Vanke ជាក្រុមហ៊ុនអភិវឌ្ឍ លំនៅដ្ឋានធំជាងគេទី៣ នៅចិន ក្នុងទំហំប្រាក់ឥណទាន សរុបជាង ១៤ ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ធំជាងគេនៅចិន បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រ ជាមួយធនាគារ Postal Savings Bank of China ក្នុងទំហំទឹកប្រាក់ជាង ៦.៩ ពាន់លានដុល្លារផងដែរ ដែលថវិការទាំងនេះ អាចយកទៅប្រើប្រាស់ សម្រាប់អតិថិជនបង់រំលោះ លំនៅដ្ឋានជាមួយធនាគារ។

ក្រៅពីធនាគារទាំងនេះ នៅមានធនាគារចិន ជាច្រើនផ្សេងៗទៀត បានចាប់ផ្ដើមចាប់ដៃ សហការជាមួយក្រុមហ៊ុនអភិវឌ្ឍ អចលនទ្រព្យជាច្រើន លើផ្ទៃប្រទេស ក្នុងការសង្គ្រោះ និងស្ដារវិស័យអចលនទ្រព្យ ឡើងវិញ បើទោះបីជាដឹងថា បច្ចុប្បន្នការខាតបង់កំពុងតែបន្ត។ នេះ គឺជាគោលនយោបាយជាតិ សំខាន់មួយ របស់រដ្ឋាភិបាលចិន សហការជាមួយធនាគារជាតិ ក៏ដូចជាធនាគារពាណិជ្ជកម្ម លើផ្ទៃប្រទេស ក្នុងគោលដៅដោះស្រាយ វិបត្តិមួយនេះឱ្យបានទាន់ពេលវេលា និងឈានដល់ការសម្រួល ឱ្យសេដ្ឋកិច្ចជាតិល្អប្រសើរឡើងវិញ ទោះបីជាគោលនយោបាយ Zero-Covid កំពុងតែបន្តក្ដី៕