សិង្ហបុរី ប្រកាសឱ្យប្រើប្រាស់ផ្លូវជិះកង់ថ្មី ក្នុងដំណើរឆ្ពោះទៅកាន់ ទីក្រុងបៃតងគ្មានឧស្ម័នពុល!


សិង្ហបុរី៖ បើនិយាយអំពីប្រទេស គិតគូអំពីគុណភាពខ្យល់ បរិស្ថាន ភាពបៃតងនៃធម្មជាតិ សុខសុវត្ថិភាព នៅអាស៊ីអាគ្នេយ៍នោះ ប្រទេសសិង្ហបុរី គឺជាប្រទេសឈានមុខគេមួយ ដែលនឹងដើរទៅរក ប្រទេសគ្មានឧស្ម័នពុល បានលឿនជាងគេ។ ក្នុងនោះ ការរៀបចំ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក៏ត្រូវបានយកចិត្ត ទុកដាក់ខ្ពស់ផងដែរ សម្រាប់ពលរដ្ឋ ដោយកាលពីម្សិលមិញនេះ ផ្លូវជិះកង់ថ្មីមួយ ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការ។

ផ្លូវជិះកង់ថ្មីមួយត្រូវបាន ប្រកាសបើកឱ្យប្រើប្រាស់ ជាផ្លូវការហើយ នៅក្នុងទីក្រុងសិង្ហបុរី ជាផ្នែកដ៏សំខាន់មួយក្នុងការជម្រុញ និងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ដែលរស់នៅបណ្ដោះអាសន្ន និងភ្ញៀវទេសចរអន្តរជាតិ អាចធ្វើដំណើរដោយ កង់នៅក្នុងទីក្រុង ជាមួយនឹងការបង្ក លក្ខណៈងាយស្រួល មានសុវត្ថិភាព និងផាសុកភាព។ ផ្លូវជិះកង់មួយខ្សែនេះ មានប្រវែងសរុប ៦ គីឡូម៉ែត្រ តភ្ជាប់តំបន់ Clarke Quay ទៅកាន់តំបន់ Bay Front និង Tanjong Pagar។

ផ្លូវកង់តភ្ជាប់តំបន់ពាណិជ្ជកម្មដ៏ធំ នៅទីក្រុងសិង្ហបុរី ឆ្ពោះទៅកាន់តំបន់ធ្វើដំណើរ និងតំបន់តភ្ជាប់ ទៅកាន់លំនៅដ្ឋាន ដែលប្រមូលផ្ដុំដោយ សេវាកម្មដឹកជញ្ជូនសាធារណៈ ត្រូវបានប្រកាសដាក់ ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយអាជ្ញាធរដឹកជញ្ជូនសិង្ហបុរី ហៅកាត់ថា (LTA)។ ផ្លូវមួយខ្សែនេះ ត្រូវបានដាក់ឱ្យជិះ នៅក្បែផ្លូវអ្នកថ្មើជើង ដែលមានគំនូសពណ៌លឿង និងរូបសញ្ញាជិះកង់ ក៏ដូចជាពណ៌ក្រហម សម្រាប់ទីកន្លែង មានមនុស្សច្រើន ឬកន្លែងត្រូវឈប់ បង្អង់ល្បឿន ពេលឆ្លងកាត់ផ្លូវជាដើម។

លោក S Iswaran នាយករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី បានបញ្ជាក់ដូច្នេះថា ការបង្កើតឱ្យមានផ្លូវជិះកង់បន្ថែមនេះ គឺជាមធ្យោបាយ និងការលើកទឹកចិត្ត ឱ្យមានការដើរ និងជិះកង់ឱ្យបាន កាន់តែច្រើននៅក្នុងទីក្រុង។ លោកបន្ថែមទៀតថា ការរៀបចំនេះមិនមែន ផ្ដោតសំខាន់តែទៅលើ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ តែជាការតភ្ជាប់ដ៏សំខាន់ និងរួចចំណែក កែលម្អទេសភាពទីក្រុង និងបង្កើតជាឱកាសផ្សេងៗសំរាប់តំបន់ នៅជុំវិញប្រទេសទៀតផង។ ការរៀបចំឱ្យមាន ការជិះកត់កាន់តែច្រើនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនវិនិយោគ ដែលជម្រុញឱ្យមាន ការតភ្ជាប់កាន់តែច្រើន នៅជុំវិញទីក្រុង។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះសិង្ហបុរី មានទីកន្លែងចំណតសាធារណៈ សម្រាប់ចតកង់ គ្រប់ប្រភេទចំនួន ៤.៨០០ កន្លែង ដែលបែងចែក ទៅតាមតំបន់ផ្សេងៗគ្នា អាស្រ័យទៅលើចំនួនមនុស្ស និងភាពមមាញឹក។ ការប្រកាសផ្លូវជិះកង់ប្រវែង ៦គីឡូម៉ែត្រ ក្នុងប្រទេសសិង្ហបុរីលើកនេះ ជាមួយនឹងផ្លូវជិះកង់ដែលមានស្រាប់ ធ្វើឱ្យប្រទេសដែនកោះនេះ មានផ្លូវជិះកង់សរុបប្រវែង ២១ គីឡូម៉ែត្រ តភ្ជាប់តំបន់ពាណិជ្ជកម្ម ឆ្ពោះទៅកាន់រមណីដ្ឋាន អាហារដ្ឋាន លំនៅដ្ឋាន សួនច្បារ និងកន្លែងជាច្រើនផ្សេងៗទៀត៕