ប្រតិភូអន្តរជាតិជាង១២០នាក់ នៃបណ្ដាប្រទេសផ្សេងៗ ត្រៀមមកទស្សនកិច្ចគោលដៅឆ្នេរសមុទ្រ និងកោះរបស់កម្ពុជា នាពេលខាងមុខ


ក្នុងកិច្ចប្រជុំត្រៀមរៀបចំ សន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា កម្ពុជាគ្រោងរៀបចំ ទស្សនកិច្ចជូនប្រតិភូអន្តរជាតិ ដែលមកចូលរួម «សន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក» នាពេលខាងមុខនេះ ទៅកាន់គោលដៅឆ្នេរសមុទ្រកោះ និងសហគមន៍អេកូទេសចរណ៍ មួយចំនួននៅតំបន់ឆ្នេរ សមុទ្រកម្ពុជា ដើម្បីបង្អួតគោលដៅទេសចរណ៍ កម្រិតខ្ពស់របស់ខ្លួន និងផ្សព្វផ្សាយទៅកាន់ពិភពលោក នាព្រឹត្តិការណ៍ដ៏ធំនេះ។

ស្របគ្នានោះ ឯកឧត្ដម ជុក ជំនោរ បានបញ្ជាក់ថា ប្រតិភូដែលបានបញ្ជាក់ថា នឹងចូលរួមក្នុងសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេ លើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។ ខណៈការរៀបចំ សន្និបាតឆ្នេរសមុទ្រ ដែលស្អាតជាងគេលើ សកលលោកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ អមជាមួយពិធីបុណ្យសមុទ្រ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួល ប្រតិភូអន្តរជាតិសរុបជាង ១២០នាក់ នៅទូទាំងពិភពលោកផងដែរ។

នៅក្នុងអង្គប្រជុំត្រៀមការងារទាំងនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជំរុញក្រុមការងារបច្ចេកទេស ត្រូវរៀបចំឱ្យមានទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ប្រណិត នៅតាមគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។ ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា កាលណាកម្ពុជារៀបចំ ទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពី គោលដៅទេសចរណ៍កម្ពុជា ទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេនៅលើសកលលោក គឺមានសមាជិក មានប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយ ក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ ភ្ញៀវទេសចរបានមានប្រសិទ្ធភាព បានន័យថា ប្រសិនបើក្លិបឆ្នេរនេះ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើន ការចូលមកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនទៀត ពោលគឺឱកាសនេះ គឺជាឱកាសពិសេសខ្លាំងណាស់ សម្រាប់វិស័យទេសចរណ៍កម្ពុជា។