បន្ទាយសំរ៉ែ ប្រាសាទបុរាណខ្មែរដ៏ស្រស់ស្អាត ហ៊ុមព័ទ្ធដោយធម្មជាតិ អមដល់ខ្យល់អាកាសបរិសុទ្ធ និងជាជម្រើសដ៏សក្តិសម សម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តការដើរលំហែបែបស្ងប់ស្ងាត់!


ខេត្តសៀមរាប៖ ជាមួយទីតាំងស្ថិតនៅ ក្នុងបរិវេណវង់ធំ នៃតំបន់រមណីយដ្ឋានអង្គរ ប្រាសាទបន្ទាយសំរ៉ែ ហាក់នៅដាច់ឆ្ងាយពីគេបន្ដិច។ យ៉ាងណា ប្រាសាទនេះក៏ជាទីទាក់ទាញ ដល់ភ្ញៀវទេសចរមួយចំនួនផងដែរ។

លោក សៀន បណ្ឌិត ដែលជា ប្រធានគ្រប់គ្រង ភ្នាក់ងារទេសចរណ៍ នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក បានឲ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរ ទស្សនារៀងមមាញឹកគួរសម នារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាល រៀបចំតំបន់អភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពីភូមិព្រះដាក់ ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរ ឱ្យចូលកម្សាន្តប្រាសាទនេះដែរ។

គូសសម្គាល់ដែរថា ក្នុងមួយថ្ងៃមានភ្ញៀវទេសចរបរទេស ចន្លោះពី ១០០ទៅ២០០នាក់ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែនេះ។ មូលហេតុដែលទេសចរ ចាប់អារម្មណ៍ប្រាសាទនេះ ក៏ដោយសារប្រាសាទនេះ មានភាពស្ងប់ស្ងាត់ល្អ ធម្មជាតិត្រឈឹងត្រឈៃ បរិយាកាសបរិសុទ្ធ។

ភ្ញៀវទេសចរដែលមកកម្សាន្ត ប្រាសាទបន្ទាយសំរ៉ែ គឺច្រើនផ្សារភ្ជាប់ ជាមួយវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយស្រី។ លោក បណ្ឌិត បានបញ្ជាក់ថា ជួនកាលពួកគេចូលទស្សនា ប្រាសាទបន្ទាយសំរ៉ែមុន ទើបចេញទៅបន្ទាយស្រី ឬក៏ទៅទស្សនាបន្ទាយស្រីរួច ទើបចូលបន្ទាយសំរ៉ែ។

ចំណុចពិសេសនៃប្រាសាទបន្ទាយសំរ៉ែ ជាទីតាំងដ៏ល្អសម្រាប់ទេសចរ ដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមានបរិស្ថានដ៏ស្រស់បំព្រង។ ក្រៅពីទស្សនាប្រាសាទ ទេសចរក៏អាចអង្គុយអានសៀវភៅ ដែលក្នុងនោះក្រុមការងារ ភ្នាក់ងារទេសចរណ៍ បានរៀបចំកន្លែងសម្រាប់ភ្ញៀវទេសចរ អង្គុយលេងនៅក្រោម ម្លប់ដើមឈើនៅក្នុងបរិវេណ ប្រាសាទនេះផងដែរ។

គួររម្លឹកដែរថា ប្រាសាទបន្ទាយសំរ៉ែ កសាងឡើងនា ពាក់កណ្តាលសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទិ្ទសដល់ ព្រហ្មញ្ញសាសនានិកាយ ព្រះនារាយណ៍។