ក្នុងរយៈពេល ៤៥ថ្ងៃដំបូង ក្នុងឆ្នាំនេះ កម្ពុជា ទទួលបានទុនវិនិយោគប្រមាណជាង ៦៣០ លានដុល្លារ លើគម្រោងវិនិយោគចំនួន ៥៤


ភ្នំពេញ៖ ក្នុងរយៈពេល ៤៥ថ្ងៃនៃឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគចំនួន៥៤ ជាមួយទំហំទឹកប្រាក់សរុបជាង ៦៣០លានដុល្លារ។ ក្នុងនោះគម្រោងភាគច្រើន ជាគម្រោងវិនិយោគបើករោងចក្រដំឡើង កែច្នៃសម្ភារៈប្រើប្រាស់ និងរោងចក្រសម្លៀកបំពាក់ជាដើម។

យ៉ាងណា បើគិតត្រឹមខែមករា កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៣២ ដែលមានទុនវិនិយោគ សរុបប្រមាណ ១៨៧លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាក់ស្តែង គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេរួមមាន៖ គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, គម្រោងបង្កើតរោងចក្រផ្ដុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងគម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ដោយឡែក បើធៀបរយៈពេលដូចគ្នា ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោង ច្រើនជាង២ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣កន្លងទៅ។

បន្ថែមពីនេះ របាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគប្រមាណ ៧៨% មានប្រភពមកពីប្រទេសចិន។ ចំនួន៩,៦៥% មកពីប្រទេសសិង្ហបុរី។ ចំនួន៥,៣៤% មកពីសហរដ្ឋអាមេរិក។ ចំនួន៣,៥៥% មកពីសាធារណរដ្ឋកូរ៉, និងចំនួន២,៧៣% មកពីប្រភពក្នុងស្រុក។

តួយ៉ាង វិស័យឧស្សាហកម្ម មានការវិនិយោគច្រើនជាងគេ បន្ទាប់មកវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ រួមទាំងវិស័យកសិកម្មផងដែរ។

គួររម្លឹកដែរថា បើតាមរបាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទុនវិនិយោគ ប្រមាណជិត ៤,៩ពាន់លានដុល្លារអាមេរិក កើនឡើងបើធៀបទៅឆ្នាំ២០២២ ដែលទទួលបានត្រឹម ៤ពាន់លានដុល្លារអាមេរិក។