ស្វែងយល់អំពីប្រវត្តិប៉មទ្រេតពីហ្សា នៅប្រទេសអ៊ីតាលី ដែលមានអាយុកាលប្រហែលប្រាសាទអង្គរវត្ត!

ប៉មទ្រេត ពីហ្សា ឬភាសាអង់គ្លេសហៅថា Leaning Tower of Pisa គឺជាប៉មដ៏ល្បីល្បាញមួយដោយសារតែរូបរាងទ្រេតប្រមាណ ៤ ដឺក្រេរបស់វា និងអាយុកាលដ៏ចំណាស់ប្រហែលប្រាសាទអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជាយើងទៅហើយ ដែលបានធ្វើឲ្យប៉មមួយនេះ ទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនបំផុត ជាមួយនឹងការថតរូបភាពប្លែកជាមួយប៉មនេះ និងក្លាយជាប៉មតំណាងសម្គាល់ (iconic tower) ប្រចាំប្រទេសអ៊ីតាលីផងដែរ។ លើសពីនេះ វាក៏ក្លាយទៅជាអច្ឆរិយវត្ថុដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ២៩៩៨៧ ទៀតផង។ ថ្ងៃនេះដែរ គេហទំព័រ Cambodia Property Report សូមនាំអារម្មណ៍មិត្តអ្នកអានឲ្យមកដឹងអំពីប្រវត្តិខ្លះនៃប៉មទ្រេតពីហ្សានេះ ជាពិសេសយើងនឹងដឹងថាហេតុអ្វីបានជាទ្រេតចុះបែបនេះ?

1. ស្ថាបត្យកម្មសំណង់

ទៅលើទម្រង់រូបរាង យើងអាចឃើញយ៉ាងច្បាស់ថា ប៉មពីហ្សា មានរូបរាងជាអគារមួយដែលមានកម្ពស់ ៥៥.៨៦ ម៉ែត្រពីដី និងកន្លែងទ្រេតចុះមានកម្ពស់ ៥៦.៦៧ ម៉ែត្រ, មានសរសរកម្ពស់ ២.៤៤ ម៉ែត្រ, និងមានចំនួន ៨ ជាន់។ អត្ថសណ្ណាញនៃប៉មមួយនេះ គឺជាស្ថាបត្យកម្មមួយបែបរបស់វិចិត្រករ Guglielmo និង Bonano Pisano ដែលនៅក្នុងសតវត្សទី ១២ នោះសិល្បៈចម្លាក់ស្ពាន់សំរិទ្ធ និងក្បាច់រចនាបែបនេះមានភាពពេញនិយមបំផុត ហើយប៉មនេះត្រូវបានសាងសង់ជាប៉មជួងបញ្ឈរ សម្រាប់បម្រើនៅក្នុងព្រះវិហារសាសនាគ្រឹស្ត Pisa Cathedral ដែលស្ថិតក្នុងតំបន់នោះ។ ប៉មពីហ្សាគឹជាអគារបែបសាសនា ប៉ុន្តែក៏ដើរតួនាតីយ៉ាងសំខាន់សម្រាប់ការងារកងទ័ព និងកំពង់ផែផងដែរ។ 

2. ការសាងសង់

បើនិយាយពីការសាងសង់វិញ ប៉មពីហ្សា ប្រើប្រាស់រយៈពេលអស់ ១៧៧ ឆ្នាំឯណោះទើបបញ្ចប់។ ការចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ ១១៧៣ ប៉មពីហ្សាដែលប្រើប្រាស់ថ្មកែវពណ៌សក្នុងការសាងសង់ រយៈពេល ៥ ឆ្នាំក្រោយមក (ឆ្នាំ ១១៧៨) សង់បានត្រឹមកម្ពស់ ៣ ជាន់អគារនេះក៏បានទ្រេតផ្អៀង ដោយសារតែសំណង់នេះមានគ្រឹះខុសប្រក្រតី ហើយគេរកឃើញថាសណ្ឋានដីផ្នែកខាងក្រោមគឺជាដីខ្សាច់ដែលធ្វើឲ្យវាស្រុតចុះបែបនេះ។ បន្ទាប់មក ដោយក្នុងសម័យសង្គ្រាម ប៉មពីហ្សាក៏ត្រូវបានផ្អាកការសាងសង់ បូករួមជាមួយបញ្ហាទ្រេតនេះ។ លុះក្រោយមកទើបការសាងសង់ប៉មពីហ្សាបានបន្ដរហូតដល់ជាន់ទី ៧ ហើយក៏ត្រូវផ្អាកម្ដងទៀតនៅក្នុងឆ្នាំ ១០៦៣ ដោយសាររាជធានី Palermo នៅកោះ Solicy បានចូលកាន់កាប់រាជធានីពីហ្សា រហូតដល់កំឡុងឆ្នាំ ១៣៥០ ទើបប៉មពីហ្សាត្រូវបានបញ្ចប់ការសាងសង់នៅក្នុងកំពស់ ៨ ជាន់ និងស្រុតចុះអស់កម្ពស់ ២ ម៉ែត្រចូលទៅក្នុងដី គិតត្រឹមរយៈពេល ៨០០ ឆ្នាំមកនេះ ហើយវាអាចនឹងស្រុតចុះខ្លាំងជាងនេះប្រសិនបើគេសង់កម្ពស់ខ្ពស់ជាងមុន បើតាមការប៉ាន់ស្មានអគារមួយនេះគឺមានទម្ងន់ ១៤,៥០០០ តោន។

បច្ចុប្បន្ននេះ ប៉មពីហ្សា គឺជាគោលដៅទេសចរណ៍ដែលគេមិនងាយរំលងឡើយ នៅពេលដែលបានទៅដល់ប្រទេសអ៊ីតាលី ដោយភ្ញៀវទេសចរណ៍ទទួលបានគឺប្រមាណ ៥ លាននាក់ជាមធ្យមក្នុងមួយឆ្នាំ ហើយតំបន់ព្រះវិហារ Pisa Cathedral នេះបានក្លាយទៅជាសារៈមន្ទីទៅហើយ ដោយគេត្រូវចំណាយ ១៨ អឺរ៉ូ ឬប្រហែល ២០ ដុល្លារដើម្បីចូលទស្សនាតំបន់នេះ។