កម្ពុជាផ្អាកព្រះរាជពិធី បុណ្យអុំទូក ប៉ុន្តែពលរដ្ឋបានឈប់សម្រាកបាន ៤ ថ្ងៃ និងរៀបចំតាមប្រពៃណីទំនៀមទម្លាប់តាមផ្ទះនិងវត្តអារាមជាធម្មតា!

នៅសល់តែរយៈពេល ២ ថ្ងៃទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា នឹងបានឈប់សម្រាករយៈពេល ៥ ពេញ ដោយរួមមានថ្ងៃទី ២៩ ពិធីគ្រងព្រះរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី ៣០ ៣១ ខែតុលា និងថ្ងៃទី ០១ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ជាមួយនឹងការឈប់សង ១ ថ្ងៃថែមទៀតនៅថ្ងៃទី ០២ ខែវិច្ឆិកា ដោយសារសងជំនួសថ្ងៃទី ០១ បុណ្យអុំទូកចំថ្ងៃអាទិត្យ។ 

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បើទោះជាឆ្នាំនេះយើងមិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកក៏ដោយ ក្រោមមូលហេតុនៃហានិភ័យវិបត្តិជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ទឹកភ្លៀង ប៉ុន្តែយើងនៅតែអាចរៀបចំគោរពប្រពៃណីទំនៀមទម្លាប់ ដូចជាអកអំបុក សំពះព្រះខែ -ល- គឺយើងអាចធ្វើនៅតាមផ្ទះរៀងៗខ្លួន និងនៅតាមទីវត្តអារាមបាន ហើយប្រជាពលរដ្ឋ មន្ត្រីរាជការ និយោជិកទាំងអស់ អាចឈប់សម្រាកជួបជុំគ្រួសារបានរយៈពេល ៥ ថ្ងៃពេញ។ 

គូសបញ្ជាក់ផងដែរថា សេចក្ដីសម្រេចនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ជូនដល់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ។