អគារថ្មី នៃសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ បានបើកការដ្ឋានសាងសង់ជាផ្លូវការ

ភ្នំពេញ៖ បច្ចុប្បន្ននេះ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង ក៏ដូចជាសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅមានទីតាំងតូចចង្អៀត សម្រាប់អនុវត្តការងាររបស់មន្ត្រីតុលាការ និងមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត។ ដូច្នេះ ដើម្បីជម្រុញឱ្យការអនុវត្តការងារកាន់តែប្រសើរ និងមានភាពងាយស្រួលជាងមុន សាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្ដូរទីកន្លែងថ្មី ពោលគឺនៅទឹកដីជ្រោយចង្វារវិញ។

យោងតាមប្រភពព័ត៌មានរបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា ទីតាំងសាលាដំបូង រាជធានីភ្នំពេញថ្មី និងសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាប ឯកឧត្ដម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អាស័យដ្ឋានសំណង់អគារថ្មីរបស់សាលាដំបូង នេះមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC។

អគារ ដែលជាសាលាយុត្តិធម៌ថ្មីនៅរាជធានីភ្នំពេញនេះ នឹងប្រើប្រាស់ជា៖

១. អគារ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

២. និងអគារ សាលាឧទ្ធរណ៍ភ្នំពេញ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ

អគារថ្មីទាំង ២ នេះ មានកម្ពស់ ៧ជាន់ និងមានផ្ទៃក្រឡាសរុប ១៩,៩៥៦ ម៉ែត្រការ៉េ ដែលកំពុងសាងសង់ឡើងដោយក្រុមហ៊ុនលី ឈួង សំណង់ & អាហរ័ណ នីហរ័ណ ដោយចំនាយថវិការប្រមាណជា ៣ លានដុល្លារអាមេរិក ក្នុងថេរវេលាសាងសង់ចំនួន ២ ឆ្នាំ។

ការសាងសង់អគារនេះឡើង នឹងផ្ដល់ភាពងាយស្រួល ទៅដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ និងសម្រួលទៅដល់ការអនុវត្តច្បាប់បានពេញលេញ និងទូលំទូលាយជាងមុនផងដែរ។ យ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌ពុំបានបញ្ជាក់ ជុំវិញអគារបច្ចុប្បន្ននៃសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ថានឹងទុកប្រើប្រាស់បន្ត ឬយ៉ាងណានៅឡើយទេ៕

 

 

ប្រភព៖ ក្រសួងយុត្តិធម៌