ភ្នំពេញ៖ ព្រឹត្តិការណ៍ ៣ វិច្ឆិកា បាននាំមកនូវការភ័យខ្លាច និងរឹតបន្តឹងកាន់តែខ្លាំងបន្ថែមទៀត ជុំវិញយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ ១៩ នៅទូទាំងផ្ទៃប្រទេស ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយសារតែស្នាក់ដឹកនាំ ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតបានមានទំនាក់ទំនងដោយផ្ទាល់ និងប្រយោជន៍ជាមួយមន្ត្រីរបស់ប្រទេសហុងគ្រី កាលពីពេលកន្លងទៅ។
ឈានដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បន្ទាប់ពីមានការធ្វើតេស្ដ ស្វែងរកវីរុសកូវិដ ១៩ ដំណាក់កាលទី៤ ជាមួយអ្នកជាប់ពាក់ព័ន្ធ ឬមានទំនាក់ទំនងដោយប្រយោជន៍ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា រួចហើយនោះ នៅទីបំផុត ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាស អំពីដំណឹងល្អ ជុំវិញភាពអវិជ្ជមានចំពោះសម្ដេច និងសម្ដេចគតិព្រឹទ្ធិបណ្ឌិត ក៏ដូចជាប្រមុខថ្នាក់ដឹកនាំជាតិ និងក្រុមគ្រួសារជាច្រើនផ្សេងទៀត បានទទួលលទ្ធផលដ៏ល្អប្រសើរ។
ទន្ទឹមជាមួយនឹងការប្រកាសនោះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបិទព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្នុងគោលបំណងឱ្យក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រសួង ត្រូវធ្វើឱ្យសភាពការណ៍គ្រប់ផ្នែក គ្រប់វិស័យទៅរកភាពប្រក្រតីដូចមុនថ្ងៃ ៣ វិច្ឆិកាឡើងវិញ តែសម្ដេចបានសង្កត់ធ្ងន់ ឱ្យបន្តប្រយុទ្ធជាមួយជំងឺកូវីដ ១៩ ដែលនៅតែជាអាទិភាព នៃការងាររបស់ពលរដ្ឋយើងទាំងអស់គ្នា នៅទូទាំងផ្ទៃប្រទេស។
សម្ដេចតេជោ បានបន្តក្រើនរំលឹកបន្ថែមទៀតថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា បានបង្រៀនយើង បានរំលឹកយើង បានដាក់តឿនយើង និងបានណែនាំយើង ឱ្យមានការប្រុងប្រយ័ត្នជានិច្ច បើអាចយកឈ្នះលើកូវីដ ១៩ បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុន តាមដានវិធីការពារប្រសើរជាងការព្យាបាល។ ជាចុងក្រោយ សម្ដេចបានផ្ញើរសារជូនពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទទួល និងជួបតែសេចក្ដីសុខ និងសេចក្ដីរីកចំរើន៕
ប្រភព៖ គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ