ចិន៖ ជណ្ដើរយន្តកញ្ចប់ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរ ឬនៅខាងក្នុង មើលឃើញនូវទស្សនីយភាពជុំវិញខ្លួនមួយរបស់ចិន បានកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ យ៉ាងច្រើន ខណៈពេលដែលចរន្តទេសចរណ៍នៅចិន ចាប់ផ្ដើមប្រសើរឡើងវិញបន្តិចម្ដងៗ។
ជណ្ដើរយន្តកញ្ចក់ មានកម្ពស់រហូតដល់ទៅ ៣៣៥ ម៉ែត្រ ឡើងទៅលើ កំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ក្នុងស្រុក ឱ្យទៅសាកល្បងយ៉ាងច្រើនកុះករ វាគឺជាជណ្ដើរយន្តកញ្ចក់មានកម្ពស់ខ្ពស់ជាងគេ ក្នុងពិភពលោក ក៏ដូចជាប្រទេសចិនផ្ទាល់ផងដែរ។ ជណ្ដើរយន្តកញ្ចក់ដ៏ខ្ពស់មួយនេះ អាចស្វែងរក និងជិះបាន ស្ថិតនៅរមណីយដ្ឋានព្រៃភ្នំ (Zhangjiajie Forest Park) ក្នុងខេត្ត Hunan ដោយចំនាយពេល ៨៨ វិនាទី ដើម្បីឡើងទៅដល់កំពូលភ្នំ។
ប្រភពព័ត៌មានអន្តរជាតិ បានឱ្យដឹងថា ជណ្ដើរយន្តកញ្ចក់នេះ ត្រូវបានដាក់ឈ្មោះឱ្យហៅជាផ្លូវការថា Bailong Elevator ឬបកប្រែជាភាសាខ្មែរថា “នាគរាជរាប់រយក្បាល”។ ជណ្ដើរយន្តនេះ ត្រូវបានបង្កើតឡើង ដោយមានការរួមចំណែកគំនិតច្នៃប្រឌិត ពីខ្សែភាពយន្ត Hollywood ឈ្មោះថា Avatar កាលពីឆ្នាំ ២០០៩ ដែលអាចផ្ដល់នូវបទពិសោធន៍ដីល្អ ជុំវិញការបង្ហាញនូវរាល់ទេសភាពជុំវិញ នៅតំបន់ភ្នំខ្ពស់ៗ បង្កើតជាចំណាប់អារម្មណ៍ និងផ្ដល់ឱកាសឱ្យភ្ញៀវទេសចរណ៍ បង្ហាញអំពីភាពក្លាហាន ជាមួយធម្មជាតិផ្ទាល់ទៀតផង។
បច្ចុប្បន្នដោយសារតែវិស័យទេសចរណ៍នៅក្នុងប្រទេស មានភាពល្អប្រសើរឡើងវិញ ពលរដ្ឋចិនជាច្រើន បានចំនាយពេលចុងសប្ដាហ៍ និងថ្ងៃឈប់សំរាករបស់ខ្លួន ដើរកំសាន្តនៅតាមរមណីយដ្ឋានជាជាងការធ្វើដំណើរទៅបរទេស។ កំណើននៃភ្ញៀវទេសចរណ៍នេះ បានជម្រុញឱ្យមានចរន្តថវិការឡើងវិញ និងធ្វើឱ្យជណ្ដើរយន្តកញ្ចប់ Bailong Elevator អាចទទួលបានភ្ញៀវយ៉ាងច្រើនកុះករ រហូតដល់ទៅជាង ៨ ពាន់នាក់នាពេលបច្ចុប្បន្ន ខណៈចំនួននោះមានដល់ទៅជាង ១៤,០០០ នាក់មុនការរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩។
គួរបញ្ជាក់ផងដែរថា ការឡើងភ្នំដោយខ្លួនឯងផ្ទាល់ នឹងត្រូវចំនាយពេលយ៉ាងហោចណាស់ ៣ ម៉ោង ដើម្បីឡើងទៅដល់កំពូលសម្រាប់អ្នកផ្សងព្រេងកម្រិតអាជីព ក៏ប៉ុន្តែក្រោយការបើកឱ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ ២០០២ និងបន្តអភិវឌ្ឍន៍បន្តិចម្ដងៗរហូតមកដល់ពេលបច្ចុប្បន្ននេះ បានធ្វើឱ្យសេវាកម្មជិះជណ្ដើរយន្តនោះទទួលបានប្រជាប្រិយភាពខ្ពស់បំផុត ដោយម្នាក់ត្រូវចំនាយថវិការ USD ១៩ ដុល្លារអាមេរិក សម្រាប់ការជិះឡើង និងជិះចុះ៕