យោងតាមប្រសាសន៍របស់លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតមកដល់ពាក់កណ្ដាលខែវិច្ឆិកានេះ ការចាក់បេតុងលើផ្លូវក្រុងខេត្តព្រះសីហនុ សម្រេចបានជិត ១០០% មកហើយ ដោយនឹងត្រៀមធ្វើការអ៊ុតកៅស៊ូ នៅដើមខែក្រោយនេះ ហើយក៏គ្រោងបញ្ចប់ការអ៊ុតកៅស៊ូទាំងស្រុងនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២១ ផងដែរ។
លោក ឃាង ភិរម្យ បានបញ្ជាក់ឲ្យដឹងថា ការងារពាក់ព័ន្ធនឹងការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ មានដំណើរការរលូនល្អស្របទៅតាមផែនការ ដោយគិតមកដល់ពេលនេះ ការរៀបចំក្រាលខឿនថ្មក្រានីតសម្រេចបានប្រមាណ ៩០%, ការក្រាលថ្មក្រានីតសម្រាប់ផ្លូវថ្មើរជើងសម្រេចបាន ៧៥%, ការដាំបង្គោលភ្លើងសាធារណៈសម្រេចបាន ៩០%, ការរៀបចំដាំដើមឈើនិងផ្កា សម្រេចបាន ៦០%, ការដាក់លូរណបសម្រេចបាន ៩០% ចំណែកការបំពាក់ស្លាកសញ្ញាចរាចរណ៍និងកាមេរ៉ាសុវត្ថិភាព ក៏កំពុងធ្វើជាបណ្ដើរៗផងដែរ។
លោកបានបន្ថែមទៀតថា គម្រោងនៃការអ៊ុតកៅស៊ូ ពីលើផ្លូវបេតុងទាំង ៣៤ ខ្សែក្រុងព្រះសីហនុ នឹងអាចធ្វើទៅបាននៅដើមខែធ្នូ ដែលជាពេលវេលាផុតពីរដូវវស្សា នឹងមិនមានភ្លៀងធ្លាក់ទៀតនោះទេ ព្រោះការរៀបចំអ៊ុតកៅស៊ូនៅរដូវភ្លៀង វានឹងអាចប៉ះពាល់ដល់គុណភាពផ្លូវប្រើប្រាស់មិនជាប់បានយូរ។
ក្រោយបញ្ចប់ការងារអ៊ុតកៅស៊ូ នៅផ្លូវក្រុង ៣៤ ខ្សែ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានប្រសើរឡើងវិញ ក្រុងព្រះសីហនុ នឹងអាចប្រែក្លាយទៅទីក្រុងអភិវឌ្ឍន៍ទំនើប តាមរយៈការគូសប្លង់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សម្រាប់បម្រើជាមជ្ឈមណ្ឌលភស្ដុភារកម្មជាតិ, មជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប, មជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព, និងជាទីក្រុងទេសចរណ៍ដ៏មានសក្ដានុពលប្រចាំទិសនិរតី។
គូសបញ្ជាក់ផងដែរថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ ត្រូវបានស្ថាបនាបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុង ដោយសារកំណើនការអភិវឌ្ឍន៍យ៉ាងគំហុក និងគ្រោះទឹកជំនន់កាលពីពេលកន្លងទៅ ហើយការស្ថាបនាផ្លូវនេះ នឹងក្លាយទៅជាសសៃឈាមសេដ្ឋកិច្ចរបស់ខេត្ត គួបផ្សំនឹងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតដែលមានស្ដង់ដារខ្ពស់ ទាក់ទាញវិនិយោគិនក្នុងស្រុក និងអន្តរជាតិមកបណ្ដាក់ទុនបន្ថែមទៀត។