ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងបន្ទាយមានជ័យ ជាប្រាសាទចំណាស់មួយ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ បច្ចុប្បន្នទទួលរងការបាក់បែកខូចខាតយ៉ាងខ្លាំង ដោយសារកត្តាមនុស្ស និងកត្តាធម្មជាតិ ហើយកំពុងត្រូវបានជួសជុលឡើងវិញដោយប្រើប្រាស់ថវិកានៃមូលនិធិបេតិកភណ្ឌពិភពលោកតាមរយៈអង្គការ UNESCO ប្រចាំនៅកម្ពុជា, ថវិការាជរដ្ឋាភិបាលកម្ពុជា, និងថវិកាផ្ទាល់ពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃខេត្តបន្ទាយមានជ័យ។
លោក ឃី រ៉ាស៊ី ប្រធានបច្ចេកទេសជួសជុលនិងអភិរក្សប្រាសាទបន្ទាយឆ្មារ បានមានប្រសាសន៍ថា ប្រាសាទបន្ទាយឆ្មារ បានរងការខូចខាតខ្លាំងដោយសារកត្តាធម្មជាតិ ដែលមានខ្យល់ព្យុះបក់បោកដួលរលំដើមឈើមកលើប្រាសាទ និងកត្តាសង្គ្រាម ព្រោះប្រទេសកម្ពុជាបានឆ្លងកាត់នូវភ្លើងសង្គ្រាមជាច្រើនទសវត្ស ព្រមទាំងមានជនខិលខូចមួយចំនួនបំផ្លិចបំផ្លាញជីកគាស់កាយយកវត្ថុបុរាណទៅលក់នៅប្រទេសជិតខាងដោយខុសច្បាប់ទៀតផង កត្តាទាំង ២ នេះរួមគ្នា បានធ្វើឲ្យថ្មប្រាសាទបាក់ដួលរលំរាយប៉ាយ និងខូចខាតទម្រង់យ៉ាងច្រើន។
ចំណែកការជួសជុលឡើងវិញ ត្រូវប្រើប្រាស់ពេលវេលាយូរផងដែរ ដោយសារប្រាសាទបន្ទាយឆ្មារមានទំហំធំ និងរឿងរ៉ាវប្រវត្តិសាស្ត្រច្រើន ទាមទារពេលវេលាសិក្សាឲ្យបានច្បាស់លាស់ និងការត្រួតពិនិត្យរូបភាពចម្លាក់ជញ្ជាំង ដើម្បីស្វែងរកថ្មដែលជ្រុះរាយប៉ាយ មកតម្រៀងឲ្យត្រឹមត្រូវបានទ្រង់ទ្រាយដើមឡើងវិញ ស្របតាមស្ថាបត្យកម្មប្រាសាទ។
លោក ឃី រ៉ាស៊ី បានបន្ថែមទៀតថា គិតមកទល់ពេលនេះ គម្រោងជួសជុលប្រាសាទបន្ទាយឆ្មារឡើងវិញសម្រេចបានជាង ២០% មកហើយ ប៉ុន្តែនៅចំណាយពេលយូរបន្ថែមទៀត ដោយសារទំហំប្រាសាទធំ ដោយគ្រាន់តែផ្នែកខាងក្នុងមានបណ្ដោយប្រវែង ២៥០ ម៉ែត្រ មានខ្លោងទ្វារ ៤ ជួសជុលបានផ្នែកនៃជញ្ជាំង ជញ្ជាំងខាងលិចឈៀងខាងត្បូង ខាងលិចឈៀងខាងជើង និងរងទងនៅសល់ច្រើនទៀត ដែលត្រូវចំណាយពេលសិក្សាហើយស្វែករងបំណែកថ្មមកផ្គុំឡើងវិញ។
យ៉ាងណាមិញ ក្រោយគម្រោងនៃការជួសជុលប្រាសាទបន្ទាយឆ្មារឡើងវិញ គេរំពឹងថា ប្រាសាទនេះនឹងក្លាយទៅជាចំណុចនៃភាពទាក់ទាញសម្រាប់ស្រូបភ្ញៀវទេសចរជាតិនិងអន្តរជាតិ ហើយជំរុញដល់ការវិនិយោគវិស័យទេសចរណ៍ក្នុងតំបន់ទ្វេរដង អាចបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។
គូសបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំងាយប្រមាណ ៧ គីឡូម៉ែត្រពីទីប្រជុំជន។ ប្រាសាទនេះ ត្រូវបានកសាងឡើងចុងសតវត្សទី ១២ ដល់ដើមសតវត្សទី១៣ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដែលឧទ្ទិសដល់បុត្រា និងមេទ័ព ៤ នាក់របស់ព្រះអង្គដែលបានបាត់បង់ជីវិតក្នុងសមរភូមិសង្គ្រាម និងប្រើប្រាស់រចនាបថបាយ័ន ជាប្រាសាទបែបព្រះពុទ្ធសាសនា ដោយយើងនឹងបានឃើញចម្លាក់សំខាន់ជាងគេគឺរូបអវតាលោកេស្វរៈព្រះហស្ដ ៣២ ជាពោធិសត្វនៃព្រះពុទ្ធសាសនា។