អ្នកជំនាញ៖ លោក បៃឌិន នឹងអាចភ្ជាប់ចំណងសេដ្ឋកិច្ចអាមេរិចនិងអាស៊ី ឲ្យរឹងមាំជាងមុន!

កន្លងទៅថ្មីៗនេះ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗចំនួន ២ នោះគឺ៖ ភាពជាដៃគូអន្តរជាតិប៉ាស៊ីហ្វិច (Trans-Pacific Partnership) និងភាពជាដៃគូសេដ្ឋកិច្ចទូលាយក្នុងតំបន់ (RCEP) ដែលត្រូវបានដឹកនាំដោយប្រទេសចិន ហើយគ្មានវត្តមានពីមហាអំណាចសេដ្ឋកិច្ច សហរដ្ឋអាមេរិច និងប្រទេសឥណ្ឌាឡើយ។ ដូចនេះ តើសហរដ្ឋអាមេរិចក្នុងការដឹកនាំរបស់លោក បៃឌិន នឹងអាចបន្ទន់ឥរិយាបថសហការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសនៅអាស៊ីឲ្យស៊ីជម្រៅជាងមុនឬដែរទេ?

អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃសារព័ត៌មានអន្តរជាតិ CNBC បានបង្ហាញថា សហរដ្ឋអាមេរិចក្រោមការគ្រប់គ្រងរដ្ឋបាលប្រជាធិបតេយ្យរបស់លោក ចូ បៃឌិន នឹងមានឱកាសច្រើនក្នុងការផ្សាភ្ជាប់ឡើងវិញនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនៅតំបន់អាស៊ី ជាក់ស្ដែងកិច្ចព្រមព្រៀងភាពជាដៃគូរអន្តរជាតិប៉ាស៊ីហ្វិច (TPP) ដែលប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្លាប់បានចរចាប៉ុន្តែមិនទាន់ទទួលបានជោគជ័យ ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ ដកចេញវិញកាលពីឆ្នាំ២០១៧  អាចនឹងមានកិច្ចចរចាចូលជាសមាជិកជាថ្មីម្ដងទៀត ជាមួយប្រទេសសមាជិកចំនួន ១១ ផ្សេងទៀតក្រោមការដឹកនាំរបស់លោក ចូ បៃឌិន។ 

ចំណែកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលាយក្នុងតំបន់ (RCEP) ដែលមានសមាជិកចំនួន ១៥ ប្រទេសនោះ រួមមាន៖ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវែហ្សូឡង់ និងប្រទេសអាស៊ានទាំង ១០ គឺជាកិច្ចព្រមព្រៀងសេដ្ឋកិច្ចធំបំផុតមួយនៅលើពិភពលោក ដែលសរុបប្រទេសទាំងនោះបញ្ចូលគ្នាមានប្រជាជន ២.២ ពាន់លាននាក់ មានទំហំពាណិជ្ជកម្មស្មើនឹងទឹកប្រាក់ប្រមាណ ២៦.២ ទ្រីលានដុល្លារអាមេរិច ប្រហាក់ប្រហែល ៣០% នៃផលិតផលក្នុងស្រុកទូទាំងពិភពលោក (World GDP)។ 

យោងតាមប្រសាសន៍លោក John McCain អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច និងជាទីប្រឹក្សាគោលនយោបាយអន្តរជាតិ បានឲ្យដឹងថា លោក ចូ បៃឌិន ប្រាកដជាត្រូវយកចិត្តទុកដាក់ចំពោះការធ្វើពាណិជ្ជកម្មជាមួយអាស៊ីឡើងវិញ និងមានកិច្ចពិភាក្សាចំពោះកិច្ចព្រមព្រៀងមិនថា TPP ឬក៏ RCEP ឡើយ ដើម្បីអនាគតសេដ្ឋកិច្ចសហរដ្ឋអាមេរិច ដែលអាចទាញចេញកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ី។

ចំពោះគោលនយោបាយពាណិជ្ជកម្មវិញ លោក Richard Fontaine នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល New American Security បានលើកឡើងថា ភាពខុសគ្នាដ៏ធំរវាងរដ្ឋាភិបាល ដូណាល់ ត្រាំ និងរដ្ឋាភិបាល ចូ បៃឌិន គឺទៅលើកិច្ចការ «ពហុនិយម» ពោលគឺលោក ដូណាល់ ត្រាំ ជាមនុស្សមិនចេះឱន មិនចូលចិត្តធ្វើការសហការបែបពហុនិយមនោះទេ ហើយតែងប្រកាសជំហរ American First ខុសផ្ទុយពីលោក ចូ បៃឌិន ដែលនឹងអាចបង្កើតប្រទេសដៃគូ និងសម្ព័ន្ធមិត្តជាច្រើនទៀតជុំវិញពិភពលោក រួមទាំងកិច្ចសហការដោះស្រាយបញ្ហាប្រឈមជាច្រើនដូចជា បម្រែបម្រួលអាកាសធាតុ សុខុមាលភាពពិភពលោក និងប្រឆាំងជំងឺឆ្លង -ល- ជាពិសេសសម្ព័ន្ធមិត្តជាមួយប្រទេសចិន អាចនឹងប្រសើរជាងមុនច្រើន។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ អាចប្រព្រឹត្តិទៅរលូនគឺមានការគាំទ្រពីគោលនយោបាយប្រទេសនីមួយៗមិនអាចខ្វះបាន ជាក់ស្ដែងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិច ដែលបានបង្កើតឡើងក្នុងអំឡុងពេលដឹកនាំប្រទេសដោយរដ្ឋាភិបាល ដូណាល់ ត្រាំ បានតម្លើងពន្ធអាករទាំងកំរោលលើទំនិញនាំចូលជាច្រើនពីប្រទេសចិន នឹងត្រូវលើកមកសិក្សា (review) និងអាចកែប្រែគោលនយោបាយឡើងវិញនៅឆ្នាំក្រោយក្រោមការដឹកនាំលោក ចូ បៃឌិន។ 

អ្នកជំនាញផ្នែកគោលនយោបាយសហរដ្ឋអាមេរិច បានបង្ហើបថា បរិយាកាសនៃពាណិជ្ជកម្មសហរដ្ឋអាមេរិចនៅលើឆាកអន្តរជាតិ នឹងអាចកែប្រែច្រើន ក្រោមការដឹកនាំរបស់លោក ចូ បៃឌិន ថ្វីត្បិតមិនអាចសន្មត់ថាត្រលប់ទៅវិញទាំងស្រុង ប៉ុន្តែគេនឹងឃើញការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។ លើសពីនេះ បញ្ហាប្រឈមសំខាន់ៗទៀត ដូចជាការទប់ស្កាត់ជំងឺឆ្លងសកលលោក, ដំណោះស្រាយវិបត្តិសេដ្ឋកិច្ចសហរដ្ឋអាមេរិច, បញ្ហាសមធម៌ពូជសាសន៍ ដែលកើតឡើងថ្មីៗ, និងបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏នឹងអាចមានគោលនយោបាយថ្មីដែរ។