អារ៉ាប់ រកឃើញអណ្ដូងប្រេងឆៅជាង ២២ ពាន់លានបារ៉ែល ដែលមានតម្លៃជាង ៤៣ ពាន់លានដុល្លារ

ឌូប៉ៃ៖ ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់រដ្ឋាភិបាលអារ៉ាប់ បានរកឃើញអណ្ដូងប្រេងដ៏ធំមួយ ដែលមានលទ្ធភាពអាចធ្វើការផ្គត់ផ្គង់ប្រេងបានច្រើន អាចជួយទៅដល់សេដ្ឋកិច្ចជាតិ និងមានលទ្ធភាព ក្នុងការរក្សាកម្រិតប្រេង ទុកប្រើប្រាស់នាពេលអនាគតផងដែរ។

ប្រភពព័ត៌មានក្នុងស្រុករបស់អារ៉ាប់ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុនប្រេងរបស់រដ្ឋមានឈ្មោះថា Abu Dhabi National Oil Company ហៅកាត់ថា (ADNOC) បានប្រកាសអំពីលទ្ធផល ដ៏ល្អប្រសើរ របស់ខ្លួន បន្ទាប់ពីចំនាយពេលរុគរក សិក្សាស្រាវជ្រាវ និងប្រើប្រាស់ធនធានយ៉ាងច្រើន អស់រយៈពេលជាយូរកន្លងមក។ អណ្ដូងប្រេងនោះ ត្រូវបានប្រកាសឡើងជាផ្លូវការ ក្រោមអធិបតីភាពរបស់ព្រះរាជបុត្រ Sheikh Mohamed Bin Zayed ដែលអាចផ្គត់ផ្គង់ប្រេងបានប្រមាណ ២២ ពាន់លានប៉ារ៉ែល។

តាមការអះអាងរបស់គណកម្មការប្រេងជាន់ខ្ពស់របស់អារ៉ាប់ ហៅកាត់ថា (SPC) បានឱ្យដឹងថា អណ្ដូងប្រេងឆៅនោះ ត្រូវបានអានុម័តជាផ្លូវការហើយ ដោយបានបង្កើនទំហំទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុនប្រេងជាតិ (ADNOC) ចំនួន ១២២ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២១ ទៅឆ្នាំ ២០២៥ ខាងមុខ។ ការស្វែងរកឃើញអណ្ដូងប្រេងឆៅ ដ៏ធំមួយនេះ ត្រូវបានរំពឹងទុកថា នឹងអាចជួយសេដ្ឋកិច្ចជាតិរបស់អារ៉ាប់ ក្នុងទំហំទឹកប្រាក់ដល់ទៅ ៤៣ ពាន់លានដុល្លារអាមេរិក នៅពេលមានតម្រូវការ និងសម្រេចឱ្យបូម សម្រាប់យកទៅប្រើប្រាស់។

ការរកឃើញអណ្ដូងប្រេងឆៅ ដ៏ធំមួយនេះ នឹងផ្ដល់ឱកាសទៅដល់ក្រុមហ៊ុនក្នុងស្រុកជាច្រើន ក៏ដូចជាក្រុមហ៊ុនវិនិយោគអន្តរជាតិផ្សេងៗទៀត ពិសេសនឹងបង្កើតទីផ្សារការងារទៅដល់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ។ គួរបញ្ជាក់ថា អារ៉ាប់ បច្ចុប្បន្ននេះ មានបណ្ដូងប្រេងឆៅ ធំៗដល់ទៅ ៦ កន្លែង ដែលត្រៀមបំពេញទៅដល់សេចក្ដីត្រូវការរបស់មនុស្សជាតិ ក្នុងពិភពលោក ដែលចំនួននោះមាន ៤.២ លានបារ៉ែល នៅទស្សវត្ស ១៩៨០ និងមានដល់ទៅ ៩៨ លានបារ៉ែលនាពេលបច្ចុប្បន្ន។