កម្ពុជា-វៀតណាម បើកកិច្ចប្រជុំទ្វេភាគីធ្វើឲ្យប្រសើរឡើងនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន!

កាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងនាមជាសហប្រធានជាមួយភាគីប្រទេសវៀតណាម បានដឹកនាំកិច្ចប្រជុំទ្វេភាគីមួយតាមប្រព័ន្ធវីដេអូពីចម្ងាយ ស្ដីពីការធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនកាត់ព្រំដែនកម្ពុជា-វៀតណាម ហើយកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែន សំដៅឲ្យការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនប្រទេសទាំង ២ កាន់តែមានភាពប្រសើរឡើង និងបង្កើនទំហំពាណិជ្ជកម្ម។ 

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងសាងសង់ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ច្រកទ្វារព្រំដែន។ តួយ៉ាង ផ្លូវជាតិលេខ១, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវជាតិលេខ៣៣, ផ្លូវក្រុង ៣៤ ខ្សែខេត្តព្រះសីហនុ, និងផ្លូវក្រុង ៣៨ ខ្សែខេត្តសៀមរាបជាដើម។ ដោយឡែក ចំពោះភាគីវៀតណាម ក៏បានបង្ហាញអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួនផងដែរ។ ម្យ៉ាងវិញទៀត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ច ទៅតាមវិស័យទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែកជាដើម ហើយក្រុមការងារប្រទេសទាំង ២ ត្រូវជួយប្រជុំពិភាក្សាជាទៀងទាត់ ដើម្បីសហការដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា។ 

ឯកឧត្តម បានបន្ថែមទៀតថា តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជា ទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញ-ហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោងនេះយ៉ាងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងពន្លឿនគម្រោងឲ្យបានឆាប់ចេញជារូបរាងនាពេលអនាគតដ៏ខ្លីខាងមុខ។

ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើដល់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ ប៉ុណ្ណោះទេ ថែមទាងបម្រើឲ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។ លើសពីនេះទៀត កម្ពុជា ក៏មានមហិច្ឆតារៀបចំខ្លួនធ្វើជាប្រទេសបម្រើសេវាលើវិស័យភស្ដុភារកម្មប្រចាំតំបន់អាស៊ាន ពិសេសគឺការតភ្ជាប់ដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងវៀតណាមតែម្ដង។