ស្ថានីយ៍អគ្គិសនីផ្ទាំងសូឡាដ៏ធំ លើផ្ទៃដី ៣៨០ ហិកតា ត្រូវបានបើកឱ្យដំណើរការនៅវៀតណាម

ហូជីមិញ៖ ស្ថានីយ៍ផលិតថាមពលអគ្គិសនីថ្មីមួយផ្សេងទៀត ត្រូវបានប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ ការសាយភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស  ជាចក្ខុវិស័យវែងឆ្ងាយសម្រាប់រដ្ឋាភិបាលវៀតណាម។

ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដំណើរការដោយកាំរស្មីព្រះអាទិត្យ តាមរយៈការប្រើប្រាស់បន្ទះសូឡា ថ្មីមួយទៀត មានឈ្មោះថា The Phu My ត្រូវបានបើកឱ្យដំណើរការជាផ្លូវការ សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាតំបន់នៅក្បែនោះ។ ស្ថានីយ៍ The Phu My របស់វៀតណាមមួយនេះ មានទំហំដល់ទៅ ៣៨០ ហិកតា ស្ថិតនៅខេត្ត Binh Dinh ជាប់នឹងសមុទ្រ ហុំព័ទ្ធដោយភ្នំ និងមានភាពស្រឡះល្អ អំណោយផលទៅដល់ពន្លឺជះមកគ្រប់គ្រាន់។

ស្ថានីយ៍ផលិតថាមពលអគ្គិសនី The Phu My ត្រូវបានឌីហ្សាញ សាងសង់ និងរៀបចំប្លង់ឡើងដោយក្រុមហ៊ុន Clean Energy Vision Development JSC ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន BCG Energy។ គម្រោងមួយនេះ បានចំនាយដើមទុនវិនិយោគក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៦.២ ទ្រីលានដុង ឬប្រមាណជា ២៦៨.៦ លានដុល្លារអាមេរិក ជាមួយអានុភាព អាចផលិតថាមពលបានកម្លាំងពេញ ៣៣០ មេហ្គាវ៉ាត់ នៅពេលដែលដំណាក់កាលទីពីរ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ ដោយបច្ចុប្បន្នវា មានអានុភាពត្រឹម ២១៦ មេហ្គាវ៉ាត់។

ស្ថានីយ៍ដ៏ធំមួយនេះ នឹងរួមចំណែកយ៉ាងច្រើនសម្រាប់តម្រូវការថាមពល នៅក្នុងខេត្តផ្ទាល់ ខណៈការវិវឌ្ឍន៍ខ្លួននៃសំណង់ និងចំនួនប្រជាជនបានកើនឡើងយ៉ាងឆាប់រហ័ស។ សម្រាប់ដំណាក់កាលដំបូង នៃការបើកឱ្យដំណើរការនេះ ថាមពលអគ្គិសនី នឹងបើកលក់ទៅកាន់ទីផ្សារក្នុងតម្លៃ USD ៧.០៩ សេន ដុល្លារអាមេរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយនៅពេលស្ថានីយ៍ទាំងមូលដំណើរការបានពេញលេញ វាអាចផ្គត់ផ្គង់ទៅដល់គេហដ្ឋានប្រមាណជា ២០០,០០០ យូនីត នៅក្នុងខេត្តផ្ទាល់ ពិសេសរួមចំនែកកាត់បន្ថយការបំភាយឧស្ម័នបានដល់ទៅ ១៤៦,០០០ តោន ក្នុងមួយឆ្នាំផងដែរ។

សូមបញ្ជាក់ថា ដំណាក់កាលទីពីរ នៃគម្រោងស្ថានីយ៍សូឡា The Phu My ត្រៀមនឹងបញ្ចប់ការសាងសង់នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះឯង ដែលនឹងជម្រុញឱ្យលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនី បានពេញលេញ តាមផែនការ ដែលបានគ្រោងទុក៕