អគារ Landmark 81 ស្ថិតនៅក្នុងទីក្រុងហូជីមិញ នៅតែបន្ដគ្រងដំណែងជាអគារខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២១ ខណៈដែលគម្រោងអគារ Merdeka PNB 118 ក្នុងទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី មិនទាន់បញ្ចប់ការសាងសង់។ អគារ Landmark 81 មានកម្ពស់សរុប ៤៦១ ម៉ែត្រចែកចេញជា ៨១ ជាន់ ជាអគារខ្ពស់ជាងគេបំផុតនៅប្រទេសវៀតណាម ខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍បច្ចុប្បន្ន និងខ្ពស់លំដាប់ទី ១៥ នៅលើពិភពលោក។
គម្រោង Vincom Landmark 81 ត្រូវបានវិនិយោគដោយក្រុមហ៊ុន Vinhomes ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតនៅវៀតណាម គម្រោងនេះមានទីតាំងនៅក្នុងសង្កាត់បិញថាញ់ ភាគខាងលិចទន្លេសៃហ្គន ដោយមានតម្លៃប្រមាណ ១.៥ ពាន់លានដុល្លារ ជាគម្រោងប្រើប្រាស់ចម្រុះដែលរួមមានអគាររស់នៅ អាផាតមិនកម្រិតខ្ពស់ ទីធ្លារសម្រាប់ជួល សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងមើលទិដ្ឋភាព observation deck ជាច្រើនកន្លែង។ គម្រោងនេះ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ២០១៤ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ ក្នុងខួប ២៥ ឆ្នាំនៃក្រុមហ៊ុន Vingroup។
ក្នុងអគារ Landmark 81 ត្រូវបានបែងចែកតាមជាន់អគារដូចខាងក្រោម៖
១. ជាន់ក្រោមដី ៣ ជាន់ជាចំណតយានយន្ដ
២. ជាន់ទី១-៣ ជាទីធ្លាសម្រាប់ជួលសម្រាប់ផ្សារទំនើប កន្លែងតាំងបង្ហាញផលិតផល -ល-
៣. ជាន់ទី៤-៥ កន្លែងកម្សាន្ដសម្រាប់ជួល រួមមានរោងកុន ភោជ្ជនីយដ្ឋាន ក្លឹប -ល-
៤. ជាន់ទី៦-៤១ អគារអផាតមិនកម្រិតខ្ពស់សម្រាប់លក់
៥. ជាន់ទី ៤២-៧៧ សណ្ឋាគារ Vinpearl Hotel
៦. ជាន់ទី ៧៨ ទីតាំងគ្រប់គ្រងត្រួតពិនិត្យបច្ចេកទេសក្នុងអគារ
៧. ជាន់ទី ៧៩-៨១ កន្លែងមើលទិដ្ឋភាពទីក្រុង Skyview ដែលមានតម្លៃចាប់ពី ១៧ ដុល្លារទៅដល់ ៣៥ ដុល្លារ។