ប្រទេសថៃ៖ ការធ្វើដំណើរឆ្លងខេត្ត ត្រូវធ្វើចត្តាឡីស័ក!

ក្រោយពីបានមានករណីផ្ទុះឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ប្រទេសថៃច្រើនចាប់ពីចុងខែធ្នូ ឆ្នាំ២០២០ មកដល់ពេលនេះ អាជ្ញាធរថៃគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានចាប់ផ្ដើមរឹតបណ្ដឹងនូវការធ្វើដំណើរសារជាថ្មី ដោយអ្នកធ្វើដំណើរមកពីក្រៅប្រទេសត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃពេញ (កាលពីមុនគេបានកាត់បន្ថយមកត្រឹមតែ ១០ ថ្ងៃទៅ ១ សប្ដាហ៍ប៉ុណ្ណោះ) ហើយចំណែកអ្នកធ្វើដំណើរកម្សាន្ដ ក្នុងប្រទេសក៏ត្រូវធ្វើចត្តាឡីស័កផងដែរ ជាពិសេសប្រសិនបើមកពីខេត្តដែលមានហានិភ័យខ្ពស់។ 

អាជ្ញាធរថៃគ្រប់គ្រង់ស្ថានភាពកូវីដ-១៩ ចេញសេចក្ដីជូនដំណឹងនៅលើកាសែត Bangkok Post បានឲ្យដឹងថាការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃ នៅតែបើកដំណើរការជាធម្មតា ទោះជាមានករណីឆ្លងក្នុងសហគមន៍ច្រើនក៏ដោយ ប៉ុន្តែសម្រាប់ការធ្វើដំណើរពីបរទេស ត្រូវអនុវត្តការធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាធម្មតាក្នុងករណីគោលការណ៍ Travel Bubble ក៏ដោយ។ ចំណែកប្រជាជនផ្ទៃក្នុងវិញ អាជ្ញាធរថៃស្នើសុំផ្អាកការធ្វើដំណើរឆ្លងខេត្ត ឬទេសចរណ៍ទៅកាន់ខេត្តផ្សេងៗ ប៉ុន្តែប្រសិនបើករណីចាំបាច់ ត្រូវមានលិខិតបញ្ជាក់ហេតុផលពីការធ្វើដំណើរឆ្លងខេត្ត និងមានការត្រួតពិនិត្យកម្ដៅជាប្រចាំ។ យ៉ាងណាមិញ ចំពោះអ្នកធ្វើដំណើរចេញពីខេត្តដែលមានហានិភ័យខ្ពស់ដូចជា Samut Sakhon, Chon Buri, Rayong, Chanthaburi, និងខេត្ត Trat ព្រមទាំងសង្កាត់មួយចំនួនទៀតនៅទីក្រុងបាងកក ចាំបាច់ត្រូវមានលិខិតបញ្ជាក់ភារកិច្ចអាជីវកម្ម ជំនួញ និងទទួលបានការអនុញ្ញាតិពីអាជ្ញាធរ CCSA។ 

ចំពោះតំបន់ទេសចរណ៍ដូចជាកោះ Phuket អាជ្ញាធរខេត្ត បានសម្រេចរឹតបណ្ដឹងខ្លាំងបំផុត ចំពោះអ្នកធ្វើដំណើរចូល ពោលចំពោះអ្នកធ្វើដំណើរមកពីបរទេស ត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេល ១៤ ថ្ងៃពេញ មុននឹងទទួលបានលិខិតអាចដើរលេងសេរីតាមទីសាធារណៈបាន ចំណែកអ្នកទេសចរផ្ទៃក្នុងប្រទេសថៃ ដែលមកពីតំបន់ចំនួន ២០ រួមមានទាំងខេត្តទាំង ៥ ខាងលើនោះ ត្រូវមានលិខិតធ្វើតេស្ដកូវីដ-១៩ អំឡុងរយៈពេល ៧២ ម៉ោងហើយក៏ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃដូចគ្នា មុននឹងទទួលបានលិខិតអនុញ្ញាតិដើរកម្សាន្ដ។ 

នេះគឺជាវិធានការណ៍ថ្មីសម្រាប់ប្រទេសថៃអនុវត្តវិធានទេសចរណ៍សុវត្ថិភាព Travel bubble ស្របពេលដែលស្ថានភាពកាន់តែលំបាក គិតចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ ដែលផ្ទុះករណីឆ្លងជាង ៥០០ នាក់នៅខេត្ត Samut Sakhon រហូតដល់មានវិធានការណ៍បិទច្រកព្រំដែនខេត្ត។ យ៉ាងណាមិញ រាជរដ្ឋាភិបាលថៃ នៅតែបន្ដទទួលភ្ញៀវទេសចរចូលមកកាន់ប្រទេសថៃ និងវិធានទេសចរណ៍សុវត្ថិភាពជាធម្មតា។