សាលារាជធានីភ្នំពេញសម្រេចរក្សាដើមឈើអាយុជាង ៣០០ ឆ្នាំ ចំនួន ៣ ដើមដដែល តែត្រូវថែរក្សា និងការពារបន្ថែម

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចរក្សាដើមឈើចំណាស់ទាំង ៣ បន្ថែមទៀត ដោយមិនឱ្យមានការដកចេញនោះឡើយ តែជម្រុញឱ្យមានការថែរក្សាបន្ថែម ដើម្បីរក្សាសុខសុវត្ថិភាព ជូនទៅដល់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវ។ 

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងការចុះត្រួតពិនិត្យដោយផ្ទាល់នូវ ទីតាំងដើមឈើធំៗ ចំនួន ៣ដើម កាលពីព្រឹកថ្ងៃទី១២ ខែមករា នេះ មានទីតាំងស្ថិតនៅផ្លូវភ្លោះព្រះអង្គដួងថា នឹងមិនកាប់ ឬដកចេញនោះទេ  ព្រោះថាដើមឈើទាំងនោះអាចនៅបន្តឈរទៀតបាន។

តាមការបញ្ជាក់របស់លោកអភិបាល បានឱ្យដឹងថា ដើមឈើចំនួន ៣ ដើម ដែលមានអាយុកាលប្រមាណជាជាង ៣០០ ឆ្នាំ មានទីតាំងស្ថិតនៅផ្លូវភ្លោះព្រទ្យព្រះអង្គឌួង ក្បែរអគារកាណាឌីយ៉ា បានពុកផ្នែកខាងក្នុង ដែលអាចនឹងបង្ករគ្រោះថ្នាក់ និងហានិភ័យជាច្រើន ទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ លោកអភិបាល បានបញ្ជាឱ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការ និងដឹកជញ្ជូន សហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែគ ឬកាត់មែកដែលស្អុយចេញ ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ ដើម្បីកុំឱ្យរំលំបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ។

លោក អភិបាល បន្ថែមថា សម្រាប់នៅក្នុងរាជធានីភ្នំពេញ គឺគ្មានការកាប់ដើមឈើណាមួយយកចេញនោះទេ ប៉ុន្តែអាជ្ញាធរមានតែដាំដើមឈើថ្មីបន្ថែម ដើម្បីឱ្យទីក្រុងភ្នំពេញ ក្លាយជាទីក្រុងមានពណ៌បៃតង និងមានបរិស្ថានល្អ។ គួររំលឹកផងដែរថា តាមការបញ្ជាក់របស់លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ដើមឈើធំៗនៅតាមសួនមានប្រមាណ ៥០ ដើម ដោយក្នុងនោះមាន ៣ ដើម បានពុកគល់ ប្រហោងក្នុង ដែលអាចបង្កើតជាហានិភ័យមួយជូនទៅដល់ប្រជាពលរដ្ឋ ទើបបានជាស្នើសុំឱ្យមានការកាប់ ឬដកចេញ ដើម្បីបញ្ជៀសហានិភ័យ។ 

 

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ