អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) មានទីតាំងស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីក្រុងសៀមរាបប្រមាណ ៦០ គីឡូម៉ែត្រ ដែលគេត្រូវបត់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចដំដែក ទៅផ្លូវជាតិលេខ៦៤ (ផ្លូវទៅប្រាសាទបេងមាលា និងកោះកេរ)។ ដោយសារតែ គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីនេះត្រូវសាងសង់លើផ្ទៃដីធំ និងឆ្ងាយពីក្រុងសៀមរាប ព្រមទាំងមានការសាងសង់ទីក្រុងព្រលានយន្ដហោះផងដែរ ដូចនេះដើម្បីសម្រួលដល់ការធ្វើដំណើរ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានបង្កើតគម្រោងសាងសង់ផ្លូវល្បឿនលឿន ឆ្លងកាត់ព្រៃសហគមន៍ ទៅកាន់ក្រុងសៀមរាបតែម្ដង។
កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា បានបើកកិច្ចប្រជុំស្ដីពីការទទួលសំណងនូវការប៉ះពាល់ដីធ្លីប្រជាពលរដ្ឋ ដែលនឹងសាងសង់ផ្លូវល្បឿនលឿនឆ្លងកាត់ព្រៃសហគមន៍ ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើចាន់សជើង -ល-។
ក្នុងកិច្ចប្រជុំនោះដែរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីរាយការណ៍ឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ បានអនុវត្តផ្ដល់ប្រាក់សំណងប៉ះពាល់ផល អនុផលព្រៃឈើរួចរាល់មកហើយ ដោយគម្រោងបានប៉ះពាល់ដល់ផ្ទៃដីសហគមន៍ប្រមាណ ១១ ហិកតា ដែលផ្លូវនោះនឹងអាចមានប្រវែង ៦០ គីឡូម៉ែត្រភ្ជាប់ពីអាកាសយានដ្ឋាន ទៅកាន់ក្រុងសៀមរាប កាត់តាមព្រៃសហគមន៍ផ្ទាល់តែម្ដង ដែលនឹងជួយរួមចំណែកអភិវឌ្ឍន៍តំបន់នោះបន្ថែមទៀត។ លោកអភិបាលរងខេត្តសៀមរាប បានផ្ដល់អនុសាសន៍មួយចំនួន ទាក់ទងទៅនឹងប្រាក់សំណងប៉ះពាល់ដល់សហគមន៍ព្រៃឈើ ចាន់សជើង ដូចខាងក្រោម៖
១. ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សាងសង់ផ្លូវល្បឿនលឿនឆ្លងកាត់ព្រៃសហគន៍ ត្រូវគោរពតាមទំហំ និងទីតាំង ដែលបានឯកភាពជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ។
២. ថវិកាដែលបាន នឹងប្រើប្រាស់បម្រើផលប្រយោជន៍រួម សម្រាប់អភិវឌ្ឍមូលដ្ឋាន និងគ្រប់គ្រងសហគមន៍ព្រៃឈើចាន់សជើង ដោយមានការឯកភាពគ្នារវាងគណៈកម្មការគ្រប់គ្រងសហគមន៍ និងរដ្ឋបាលព្រៃឈើ ព្រមទាំងមានការយល់ព្រមពីប្រជាពលរដ្ឋជាសមាជិកផងដែរ។
៣. ការប្រើប្រាស់ថវិកាត្រូវមានភាពសមស្រប និងមានកត់ត្រា មានបញ្ជីចំណាយច្បាស់លាស់ និងរាយការណ៍ជូនសមាជិកសហគមន៍ព្រៃឈើ។
៤. ត្រូវបង្កើតបរិយាកាសសមគ្គីភាពផ្ទៃក្នុងរវាងគណៈកម្មការគ្រប់គ្រងព្រៃឈើ និងប្រជាពលរដ្ឋជាសមាជិក ដើម្បីជម្រុញការអភិវឌ្ឍមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។
គូសបញ្ជាក់ផងដែរថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ត្រូវបានវិនិយោគនៅលើផ្ទៃដីសរុប ១,៧០០ ហិកតា ដែលសាងសង់អាកាសយានដ្ឋាន ៧០០ ហិកតា ក្នុងតម្លៃទឹកប្រាក់ជិត ៩០០ លានដុល្លារ និងបង្កើតទីក្រុងរណបព្រលានយន្ដហោះ Airport City ទំហំ ១,០០០ ហិកតា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០ គិតមកដល់ពេលនេះសម្រេចបាន ៣៥% ហើយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ ជាអាកាសយានដ្ឋានកម្រិត 4E ដែលនឹងមានស្ថានីយអ្នកដំណើរទំហំ ៥ ម៉ឺនការ៉េ ផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ ហើយនឹងអភិវឌ្ឍន៍ទៅជាកម្រិត 4F នៅពេលអនាគត ដែលនឹងទទួលបានអ្នកដំណើរ ៩ លាននាក់ក្នុងមួយឆ្នាំ។