ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា កំពុងធ្លាក់ព្រិលនៅភាគខាងជើង!

អាស៊ីគ្នេយ៍ ជាតំបន់កម្រឃើញមានព្រិលធ្លាក់ណាស់ ដោយប្រទេសភាគច្រើនស្ថិតនៅតំបន់ត្រូពិចខ្សែបន្ទាត់អេក្វាទ័រ ដែលមានអាកាសធាតុក្ដៅ ខុសពីប្រទេសនៅភាគខាងជើង និងភាគខាងត្បូងដែលងាយទទួលរងសម្ពាធត្រជាក់ពីតំបន់ប៉ូលទាំង ២។ យ៉ាងណាមិញ នៅឆ្នាំ ២០២១ នេះគេសង្កេតឃើញថានៅតំបន់អាស៊ីអាគ្នេយ៍បានចាប់ផ្ដើមចុះត្រជាក់យ៉ាងរហ័ស បន្ទាប់ពីទទួលរងទ្រនុងសម្ពាធពីភាគខាងជើងពីតំបន់ស៊ីប៊ីរី បានរំកិលចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង ហើយធ្វើឲ្យតំបន់មួយចំនួននៅប្រទេសអាស៊ីអាគ្នេយ៍ចុះត្រជាក់ដល់ក្រោម ០ អង្សាសេ និងលាយលំជាមួយព្រិលធ្លាក់ផងដែរ។ 

១. ប្រទេសមីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្ដើមធ្លាក់ព្រិលតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ នៅភាគខាងជើងនៃរដ្ឋ Kachin ដែលជាតំបន់ភ្នំ Hkakabo Razi និង Gamlang Razi (ជាផ្នែកមួយនេះជួរភ្នំហិម៉ាល័យ) ជាប់ព្រំប្រទល់ប្រទេសឥណ្ឌានិងតំបន់ស្វយ័តទីបេ ប្រទេសចិន ហើយក៏ជាតំបន់ភ្នំខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ មានកម្ពស់ដល់ ៥,៨៨១ ម៉ែត្រ។ រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា ទទួលរងនូវបាតុភូតព្រិលធ្លាក់ជាទៀងទាត់នៅរដូវរងារ ហើយអាចធ្លាក់យូរនិងឆាប់ ទៅតាមពេលវេលាទទួលរងសម្ពាធត្រជាក់ពីភាគខាងជើង។

២. ប្រទេសវៀតណាម

ខេត្ត Lao Cai ភាគខាងជើងប្រទេសវៀតណាម ជាប់នឹងព្រំដែនប្រទេសចិន ជាតំបន់ត្រជាក់ជាងគេនៅក្នុងប្រទេសរបស់ខ្លួន ហើយក៏មានភ្នំខ្ពស់ជាងគេនៅឥណ្ឌូចិនកម្ពស់ ១,៩០០ ម៉ែត្រ ឈ្មោះថា Fansipan ផងដែរ។ ខេត្ត Lao Cai នៅឆ្នាំនេះ ទទួលរងនូវព្រិលធ្លាក់ក្នុងរយៈពេលខ្លីផងដែរ ចាប់ពីចុងខែធ្នូ មកដល់ដើមខែមករា ហើយតំបន់ខ្លះបានចុះត្រជាក់ដល់ -១០ អង្សាសេ ធ្វើឲ្យផ្លូវក្លាយទៅជាទឹកកករអិល មិនអាចធ្វើដំណើរបាន។ បាតុភូតធ្លាក់ព្រិលនៅខេត្ត Lao Cai មិនទៀងទាត់រៀងរាល់ឆ្នាំនោះទេ ដោយពេលខ្លះព្រិលធ្លាក់ត្រឹម ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ ហើយខេត្ត Lao Cai ធ្លាប់បានទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដច្រើននៅរដូវធ្លាក់ព្រិល ជាពិសេសនៅក្រុង Sapa និងភ្នំ Fansipan នៅពេលតំបន់នោះធ្លាប់គ្របដណ្ដប់ដោយព្រិលខ្លាំង កាលពីឆ្នាំ២០១៧, ២០១៦ និង ២០១៣។ 

៣. ប្រទេសថៃ

ថ្វីត្បិតតែមិនមានព្រិលធ្លាក់មែន ប៉ុន្តែតំបន់ភ្នំ Doi Inthanon ក្រុងឈៀងមៃ ប្រទេសថៃ បានចុះត្រជាក់ដល់ ០ ទៅដល់ -១ អង្សាសេ ធ្វើឲ្យទឹកសន្សើមរុក្ខជាតិក្លាយទៅជាទឹកកក និងជាតំបន់ចុះត្រជាក់ខ្លាំងបំផុតក្នុងប្រទេសថៃ។ ប្រទេសថៃ កម្រមានព្រិលធ្លាក់ខ្លាំងណាស់ ប៉ុន្តែកាលពីឆ្នាំ ១៩៥៥ ធ្លាប់មានព្រិលធ្លាក់នៅខេត្ត Chiang Rai, កាលពីឆ្នាំ ១៩៧៤ អាកាសធាតុធ្លាក់ចុះដល់ -១.៤ នៅខេត្ត Sakon Nakhon ជាប់ប្រទេសឡាវ ជាប្រវត្តិសាស្ត្រអាកាសធាតុចុះត្រជាក់ខ្លាំងបំផុតនៅប្រទេសថៃ។