រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្ហាញថា ពេលនេះអាជ្ញាធរថៃ បានបញ្ចប់ការសាងសង់កំណាត់ផ្លូវមួយខ្សែតភ្ជាប់ពីភូមិថាសេន ឃុំឡែកាត់ ស្រុកមឿង ខេត្តត្រាត មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជារួចរាល់ហើយ ដោយការតភ្ជាប់ផ្លូវមួយខ្សែនេះឡើង ជាការបង្កើតច្រកព្រំដែនសេដ្ឋកិច្ចថ្មីមួយទៀត រវាងកម្ពុជានិងប្រទេសថៃ ជាពិសេសធ្វើឲ្យស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសក្ដានុពលសេដ្ឋកិច្ចថែមមួយកម្រិតទៀត។
ជាដំបូងគូសបញ្ជាក់ថា ផ្លូវដែលអាជ្ញាធរថៃសាងសង់នេះមានប្រវែងប្រមាណ ២ គីឡូម៉ែត្រទទឹង ១៤ ម៉ែត្រ ក្រាលដោយកៅស៊ូ AC បែងចែកជា ៤ គន្លង ហើយគម្រោងនេះត្រូវបានអនុម័ត ក្រោយពីកិច្ចជំនួបពិភាក្សាការងារពន្លឿនច្រកព្រំដែនអន្តរជាតិ ខេត្តពោធិ៍សាត់ និងខេត្តត្រាត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្ហាញថា ការតភ្ជាប់ផ្លូវមួយខ្សែនេះ គឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្ដង ហើយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ តែងបានជួបពិភាក្សាជាញឹកញាប់ជាមួយភាគីថៃ ដើមជជែកពីការតភ្ជាប់សេដ្ឋកិច្ចរវាងខេត្តទាំង ២ តាមរយៈច្រកព្រំដែនថ្មដានេះ។
ឯកឧត្តម បានលើកឡើងជាអាទិ៍ថា ស្រុកវាលវែងគឺជាតំបន់មួយដ៏ដាច់ស្រយាលពីអតីតកាល ប៉ុន្តែបន្ទាប់ពីកម្ពុជាបានសម្ពោធឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ កាលពីឆ្នាំ២០២០ កន្លងទៅនេះ ស្រុកវាលវែងបានប្រែមុខមាត់ថ្មី មានសក្ដានុពលខ្ពស់ទៅលើវិស័យទេសចរណ៍ និងកសិកម្ម ហើយនៅជំហ៊ានបន្ទាប់ ស្រុកវាលវែង នឹងក្លាយទៅជាតំបន់នៃច្រកសេដ្ឋកិច្ចយ៉ាងសំខាន់មួយរវាងកម្ពុជា-ថៃ ដែលគេអាចផ្លាស់ប្ដូរទំនិញរវាងប្រទេសទាំង២ បានយ៉ាងរហ័ស និងបង្កភាពងាយស្រួលឆ្លងកាត់តាមច្រកអន្តរជាតិថ្មដានេះ។
លើសពីនេះទៀត ច្រកព្រំដែនអន្តរជាតិថ្មដា នឹងបម្រើដល់វិស័យទេសចរណ៍យ៉ាងសំខាន់ ព្រោះស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាកន្លែងទេសចរណ៍ដែលមានទឹកជ្រោះនិងជួរភ្នំ ខណៈស្រុកមឿង ខេត្តត្រាត ប្រទេសថៃ គឺជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ។ អមដោយការស្ថាបនាផ្លូវស្អាត ងាយស្រួលធ្វើដំនើរទៀតនោះ ការតភ្ជាប់ផ្លូវរវាងច្រកព្រំដែនថ្មដា នឹងទាក់ទាញខ្លាំងទៅវិញទៅមកលើវិស័យទេសចរណ៍រវាងខេត្តទាំង ២ ហើយបង្កើននូវការវិនិយោគអភិវឌ្ឍលំនៅដ្ឋាន សណ្ឋាគារ និងកន្លែងលំហែកាយជាច្រើនទៀត។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់