កម្ពុជា មានអគារកម្ពស់លើសពី ២០០ ម៉ែត្រ ចំនួន ៥ អគារ!

គម្រោងអគារខ្ពស់នៅកម្ពុជា ត្រូវបានចាប់ផ្ដើមកាលពីឆ្នាំ២០០៥ ប៉ុន្តែនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គម្រោងសាងសង់អគារខ្ពស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុមានសន្ទុះហក់ឡើងខ្ពស់រីកដូចផ្សិត ដែលគិតមកទល់ពេលនេះយើងមានអគារកម្ពស់លើសពី ៧ ជាន់ឡើងទៅជិត ២,០០០ អគារមកហើយ ដោយនៅខេត្តព្រះសីហនុមានជិត ៩០០ អគារ និងភ្នំពេញមានជាង ១,០០០ អគារ។ ចំណែកអគារមានកម្ពស់ចាប់ពី ២០០ ម៉ែត្រឡើងទៅ មានចំនួន ៥ អគារនៅរាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២១ នេះ។ 

១. គម្រោង The Peak

នៅពេលដែលយើងនិយាយពី The Peak គឺយើងសំដៅទៅលើគម្រោងអគារចំនួន ៣ ជាប់ៗគ្នា ដែលមានកម្ពស់ខ្ពស់បំផុតនៅកម្ពុជា ឈរនៅពីមុខទន្លេចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គម្រោងអគារ The Peak ត្រូវបានដោយក្រុមហ៊ុនសិង្ហបុរី Oxley Gem (Cambodia) Co,. Ltd ដែលបានវិនិយោគគម្រោងអគារ The Bridge Tower នៅក្បែរនោះចាប់ពីឆ្នាំ២០១៣ មកផងដែរ។ អគារ The Peak ទាំង៣ មានកម្ពស់៖ ២១៨ ម៉ែត្រ, ២១៨ ម៉ែត្រ និង ២២៤ ម៉ែត្រ ដោយអគារខ្ពស់បំផុតនឹងត្រូវអភិវឌ្ឍទៅជាសណ្ឋាគារ The Peak Shangri-la ចំនួន ២០ ជាន់និងអគារការិយាល័យ grade A ចំនួន ៣៥ ជាន់, ចំណែកអគារ ២ ផ្សេងទៀតគឺជា The Peak Residential ដែលមានខុនដូចំនួន ៥០៧ យូនីត និង ៥០៦ យូនីត។

២. អគារ Gold Tower

ក្រោយពីបានបើកការដ្ឋានសាងសង់តាំងពីឆ្នាំ២០០៨ អគារ Gold Tower បានក្លាយជាអគារសាងសង់យូរជាងគេបំផុតនៅកម្ពុជា ប៉ុន្តែគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១ នេះដូចគ្នា ដោយវាមានកម្ពស់ ២១១ ម៉ែត្រស្មើនឹង ៤២ ជាន់អគារ ជាគេខុនដូលំដាប់ខ្ពស់ដែលវិនិយោគដំបូងគេបំផុតនៅកម្ពុជា។ គម្រោង Gold Tower 42 ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូងប្រមាណ ១០០ លានដុល្លារ និងក្រុមហ៊ុនចិន ១៤០ លានដុល្លារ សម្រាប់ប្រើប្រាស់ជាអគារពាណិជ្ជកម្មចម្រុះ រួមមាន៖ ចំណតយានយន្ដ ៥ ជាន់, ផ្សារទំនើប ៣ ជាន់, ការិយាល័យកម្រិតខ្ពស់ ៨ ជាន់ និងខុនដូ ២៩ ជាន់។

៣. អគារ Morgan Tower

អគារ Morgan Tower ជាគម្រោងអគារការិល័យកម្រិត 5A មានកម្ពស់សរុប ២១០ ម៉ែត្រ ស្មើនឹង ៤៦ ជាន់អគារ ស្ថិតនៅលើកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញមុខទន្លេចតុមុខ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ គម្រោងអគារ Morgan Tower នេះបានចាប់ផ្ដើមកាលពីឆ្នាំ២០១៨ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ នេះផងដែរ ដោយមានអាផាតមិន និងការិយាល័យក្រុមហ៊ុនសរុប ៧០០ យូនីត ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Morganford Investmant (Cambodia) Co., Ltd ក្នុងរង្វង់ទឹកប្រាក់ ១៦០ លានដុល្លារ។