វិស័យទេសចរណ៍ចិន នឹងបន្តស្ថិតក្នុងអត្រាទាបនៅឡើយ នៅក្នុងត្រីមាសដំបូង ឆ្នាំ២០២១

ប៉េកាំង៖ វិស័យទេសចរណ៍របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចចិន បានបង្ហាញលទ្ធផលវិជ្ជមានគួរឱ្យកត់សំគាល់កាលពីត្រីមាសចុងក្រោយនាឆ្នាំ ២០២០ កន្លងទៅ ក្រោយពីរដ្ឋាភិបាលប្រទេសចិន បានយកឈ្នះការឆ្លងក្នុងសហគមន៍ ហើយបានជម្រុញឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើដំណើរកំសាន្តនៅក្នុងស្រុក ជំនួសការធ្វើដំណើរទៅកាន់អន្តរជាតិ។

ប្រភពព័ត៌មានអន្តរជាតិ ចេញផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា វិស័យទេសចរណ៍របស់ចិន បើទោះបីជាមានភាពល្អប្រសើរឡើងវិញកាលពីចុងឆ្នាំកន្លងទៅក៏ពិតមែន តែអ្នកជំនាញបានសន្និដ្ឋានថា វិស័យនេះនៅទាមទារពេលវេលាបន្ថែមទៀត ដើម្បីវិលទៅរកសភាពដើម។ លទ្ធផលវិជ្ជមានឡើងវិញ នៃវិស័យទេសចរណ៍នាត្រីមាសទី៤ ត្រូវបានឱ្យដឹងថាមានចំនួនប្រមាណជា ២៥.២៥ លាននាក់ប៉ុណ្ណោះ ដែលបានចេញធ្វើដំណើរនៅក្នុងប្រទេស ជាចំនួនធ្លាក់ចុះពាក់កណ្ដាល នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ និងប្រពៃណីចិន។ 

សម្រាប់ឆ្នាំថ្មី២០២១ វិស័យទេសចរណ៍ចិន ត្រូវបានសន្និដ្ឋានថា នៅមិនទាន់មានលទ្ធភាពអាចវិលត្រឡប់ទៅស្ថានភាពដើមវិញបាននៅឡើយទេ ដោយត្រូវទាមទារពេលវេលាបន្ថែមទៀត ដើម្បីឱ្យវិស័យដ៏សំខាន់មួយនេះរួចផុតទុក្ខបាន។ ការធ្លាក់ចុះនេះមិនចោទឡើងដោយសារតែទេសចរណ៍ក្នុងប្រទេសប៉ុណ្ណោះទេ គឺរួមចំណែកពីភ្ញៀវទេសចរអន្តរជាតិផងដែរ ដែលបានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលខ្លី ដោយសារតែជំងឺកូវីដ ១៩ ការរឹតត្បឹតការធ្វើដំណើរឆ្លងប្រទេសជាដើម។

ម្យ៉ាងវិញទៀត ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ចិន នៅមិនទាន់ធូស្បើយនៅឡើយ ពោលនៅបន្តឆ្លង និងកើនឡើងជាបន្តបន្ទាប់ តែស្ថិតក្នុងអត្រាមួយទាបនៅឡើយ ជាហេតុធ្វើឱ្យអាជ្ញាធរចិន នៅតែបន្តរឹតបន្តឹងសិទ្ធិ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមតំបន់ និងខេត្តមួយចំនួន ពិសេសតំបន់ ដែលមានការឆ្លងញឹកញ៉ាប់។ ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃពុធកន្លងទៅ បានបញ្ជាក់ថា ពលរដ្ឋប្រមាណ ៤៨ លាននាក់ នឹងស្នាក់នៅផ្ទះ ជាជាងការចេញធ្វើដំណើរទៅកាន់តំបន់នានា ក្នុងប្រទេស។

គួរបញ្ជាក់ថា វិស័យទេសចរណ៍របស់ចិន បានគឺជាវិស័យសំខាន់មួយ ដែលបានរងគ្រោះដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ដោយ ត្រីមាសទី១ ចំនួនភ្ញៀវទេសចរមានតែប្រមាណជា ៤.៩៨ លាននាក់ប៉ុណ្ណោះ ហើយត្រីមាសទី២ កើនឡើងបាន ៧.៧៩ លាននាក់ និងត្រីមាសទី៣ កើនឡើងបាន ១៩.៧១ លាននាក់ ដោយចំនួននេះគឺតិចតួចបំផុត ដែលប៉ះពាល់ធ្ងន់ធ្ងរទៅដល់វិស័យទេសចរណ៍ជាតិ ពិសេសសេដ្ឋកិច្ចពាណិជ្ជកម្ម និងអាជីវកម្មនៅក្នុងតំបន់៕