នៅក្នុងកិច្ចប្រជុំដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយតំណាងក្រសួងការពារជាតិ បានបង្ហាញថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបញ្ចប់គម្រោងកែលម្អសួនច្បារមុខអគារទីស្ដីការក្រសួងការពារជាតិឲ្យបានរួចរាល់នៅត្រឹមខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺសម្រេចឲ្យបានមុនការសម្ពោធឲ្យប្រើប្រាស់អគារទីស្ដីការក្រសួងការពារជាតិថ្មី។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងនៃការកែលម្អសួនមុខក្រសួងការពារជាតិនេះ នឹងធ្វើការទៅលើ៖ ការពង្រីកទំហំផ្លូវ និងអ៊ុតកៅស៊ូមុខច្រកចូលក្រសួងការពារជាតិ, ការដាក់លូថ្មីទំហំ ១ ម៉ែត្រ, លើសពីនេះ រដ្ឋបាលរាជធានីភ្នំពេញ មានតួនាទីកែលម្អសួនច្បារ ដាក់បង្គោលភ្លើង ៦៦ ដើម, ដាក់លូ និងស្ដាលូ នៅពីក្រោយ និងមុខក្រសួងការពារជាតិ។ ការងារទាំងអស់នេះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅក្នុងខែមីនាខាងមុខនេះ ហើយនឹងបញ្ចប់រួចរាល់នៅត្រឹមរយៈពេល ៣ ខែពោលគឺបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ មុនការដាក់សម្ពោធដំណើរការអគារទីស្ដីការក្រសួងការពារជាតិ។
សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អសួនមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ប្រវែង ៤៥ ម៉ែត្រដើម្បីពង្រីកផ្លូវចូលទីស្ដីការក្រសួង ហើយសួនថ្មីនេះនឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើង ដើម្បីឲ្យប្រជាពលរដ្ឋមានកន្លែងដើរកម្សាន្ដ ហាត់ប្រាណ និងរៀបចំទីធ្លារធំទូលាយជាងមុន។ គម្រោងកែលម្អសួននេះ មិនត្រឹមតែនឹងកែប្រែសោភ័ណភាពសួនច្បារមុខក្រសួងប៉ុណ្ណោះទេ ថែមទាំងកែប្រែសម្រស់តាមដងផ្លូវនោះ រួមទាំងយកចិត្តទុកដាក់ដល់ការដើរលំហែ និងហាត់ប្រាណរបស់ប្រជាពលរដ្ឋផងដែរ។