ហ្សាកាតា៖ ពលរដ្ឋឥណ្ឌូនេស៊ីជាច្រើន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជម្លៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព ក្នុងហេតុការណ៍គ្រោះទឹកជំនន់ថ្មីមួយ ជាការបើកទំព័រដំបូងនៃឆ្នាំ ២០២១ នេះ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ហេតុការណ៍គ្រោះធម្មជាតិនេះត្រូវបានប្រកាសអាសន្នបន្ទាន់ភ្លាមៗ និងសន្និដ្ឋានថា នឹងបន្តប៉ះពាល់យ៉ាងហោចណាស់ដល់សប្ដាហ៍ក្រោយ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហ្សាកាតា ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅភាគខាងកើត និងខាងត្បូងទីក្រុង បានរងគ្រោះធ្ងន់ធ្ងរដោយសារតែគ្រោះទឹកជំនន់កាលពីថ្ងៃសៅរ៍កន្លងទៅ។ ហេតុការណ៍នោះត្រូវបានបង្ខំចិត្តឱ្យពលរដ្ឋប្រមាណជា ១,៣៨០ គ្រួសារចាកចេញពីលំនៅដ្ឋាន ស្វែងរកទីទួលមានសុវត្ថិភាព និងរង់ចាំការប្រកាសឱ្យចូលទៅគេហដ្ឋានវិញ នាសបា្ដហ៍ក្រោយ ខណៈបច្ចុប្បន្នកម្ពស់ទឹកបានឡើង ១.៨ ម៉ែត្របាត់ទៅហើយ។
យោងតាមប្រភពភ្នាក់ងារឧតុនិយមបានឱ្យដឹងថា គ្រោះទឹកជំនន់នៅទីក្រុងហ្សាកាតា មួយនេះអាចនឹងប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់សប្ដាហ៍ក្រោយឯណោះ។ ការវាយប្រហារថ្មីនេះ បានកំពុងជះឥទ្ធិពលទៅដល់ពលរដ្ឋប្រមាណជា ១០ លាននាក់នៅក្នុងទីក្រុងផ្ទាល់ និងមួយចំនួនតូច បានរងគ្រោះធ្ងន់ធ្ងរ ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋានជាបណ្ដោះអាសន្នសិន ថែមទាំងត្រូវប្រឈមមុខនឹងកិច្ចការពារជំងឺឆ្លងកូវីដ ១៩ ជាសម្ពាធដ៏លំបាកមួយសម្រាប់ពលរដ្ឋ និងអាជ្ញាធរ។
អាជ្ញាធរក្នុងតំបន់លោក Anies Baswedan បានប្រាប់ឱ្យដឹងថា មូលហេតុនៃការកើតឡើងគ្រោះទឹកជំនន់នាដើមឆ្នាំ ២០២១ នេះ គឺដោយសារតែឥទ្ធិពលខ្យល់ម៉ូសុង ហើយក្នុងចំណោមពលរដ្ឋជាង ១០ លាននាក់នោះ មាន ២ ពាន់គ្រួសារកំពុងរងផលប៉ះពាល់ខ្លាំងក្លារជាងគេ ដោយចំនួននេះនៅតិចនៅឡើយទេ បើធៀបទៅនឹងចំនួនពលរដ្ឋសរុប ដែលកំពុងរស់នៅក្នុងរដ្ឋធានី។ លោកបានបន្ថែមថា ភ្លៀងបានឈប់ធ្លាក់ហើយ ដែលយើងសង្ឃឹមថាសប្ដាហ៍ក្រោយ ស្ថានភាពនឹងវិលត្រឡប់ទៅកាន់សភាពដើមវិញ ហើយពលរដ្ឋអាចចូលរស់នៅ និងប្រកបរបចញ្ចឹមជីវិតឡើងវិញផងដែរ។
ទោះបីជាភ្លៀងឈប់ធ្លាក់ក៏ពិតមែន តែភ្នាក់ងារជំនាញខាងឧតុនិយម (BMKG) របស់ឥណ្ឌូនេស៊ី បានប្រកាសអាសន្នថា អាចនឹងមានភ្លៀងធំបន្តធ្លាក់ក្នុងអត្រាខ្ពស់ជាបន្តទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយក្នុងនោះរួមមានខ្យល់កន្ត្រាក់ រន្ទះ ជាដើម ដែលពលរដ្ឋគប្បីរកទីកន្លែងមានសុវត្ថិភាពជាមុនសិន។ សូមបញ្ជាក់ថា រដ្ឋធានីហ្សាកាតា បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវវស្សានៅឡើយទេ ដោយរដូវនេះនឹងផុតនៅចុងខែកុម្ភៈ ទៅដើមខែ មីនា ដែលខុសពីរដូវវស្សានៅកម្ពុជា ទើបបានជាដូច្នេះហើយ ឥទ្ធិពលខ្យល់ម៉ូសុង នៅតែបន្ទះជះឥទ្ធិពលដល់ឥណ្ឌូនេស៊ី ខណៈហ្សាកាតា ផ្ទាល់បានកំពុងលិចបន្តិចម្ដងៗ តាមការវាយតម្លៃរបស់អ្នកវិទ្យាសាស្ត្រជំនាញ៕