ម៉ាឡេស៊ីទទួលបានវ៉ាក់សាំងជាលើកដំបូង និងត្រៀមបើកចាក់នៅថ្ងៃពុធខាងមុខនេះ

ម៉ាឡេស៊ី៖ ក្រោយរង់ចាំអស់រយៈពេលជិត ២ ខែ គិតចាប់ពីដើមឆ្នាំ ២០២១ មក នៅទីបំផុតប្រទេសម៉ាឡេស៊ីបានទទួលវ៉ាក់សាំងចាក់ការពារ និងបង្ការពីជំងឺកូវីដ ១៩ ជាផ្លូវការហើយ ជាការឆ្លើយតបយ៉ាងសំខាន់ទៅលើស្ថានភាពនៃជំងឺកូវីដ ១៩ ដែលកំពុងបន្តឆ្លងក្នុងសហគមន៍។ 

រដ្ឋាភិបាលម៉ាឡេស៊ី បានទទួលវ៉ាក់សាំងចាក់ការពារ និងបង្ការជំងឺកូវីដ ១៩ ជាផ្លូវការហើយ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ តាមជើងហោះហើរពិសេស នៅអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងកូឡាឡាំពួរ។ តាមប្រភពព័ត៌មានអន្តរជាតិ បានឱ្យដឹងថា វ៉ាក់សាំងការពារ និងបង្ការជំងឺកូវីដ ១៩ ដែលរដ្ឋាភិបាលម៉ាឡេស៊ីទទួលបានគឺជាប្រភេទ Pfizer-BioNTech ដែលកំពុងចាក់ និងប្រើប្រាស់នៅអាមេរិក ក៏ដូចជាបណ្ដាប្រទេសជឿនលឿនផ្សេងៗទៀត។

ការមកដល់ជើងដំបូងនៃវ៉ាក់សាំងនោះមានចំនួន ៣១២,៣៩០ ដូស ជាផ្នែកមួយនៃចំនួនវ៉ាក់សាំងសរុប ៣២ លានដូស ដែលរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាទិញ និងស្ថិតក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុនផលិតឱសថខ្នាតយក្ស Pfizer Inc. របស់អាមេរិក។ ការចាក់វ៉ាក់សាំង នឹងត្រូវធ្វើឡើងនៅទូទាំងផ្ទៃប្រទេស ដោយរដ្ឋាភិបាលម៉ាឡេស៊ីរំពឹងទុកថា កម្មវិធីចាក់វ៉ាក់សាំង អាចនឹងត្រូវធ្វើឡើងដល់ខែកុម្ភៈ ឆ្នាំ២០២២ ទើបអាចចាក់ជូនពលរដ្ឋគ្រប់រូបបាន។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅម៉ាឡេស៊ី នឹងត្រូវធ្វើឡើង ដោយផ្ដល់សិទ្ធិអាទិភាពទៅដល់មន្ត្រីធ្វើការនៅក្នុងវិស័យសុខាភិបាល និងបុគ្គលិកដែលធ្វើការជួរមុខ ឬអ្នកងាយប្រឈមមុខនឹងជំងឺឆ្លងជាងគេ។ មិនតែប៉ុណ្ណោះសម្រាប់ជនបរទេស ដែលមានវត្តមាននៅម៉ាឡេស៊ី ក៏អាចមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងនេះ ដោយឥតគិតថ្លៃផងដែរ ហើយថែមទាំងទទួលបានសិទ្ធិអាចចាកចេញពីប្រទេសម៉ាឡេស៊ីបានថែមទៀត។ 

គួរបញ្ជាក់ថា ការមកដល់នៃជើងទី២ នៃវ៉ាក់សាំង Pfizer-BioNTech នឹងមកម៉ាឡេស៊ីនៅថ្ងៃសុក្រខាងមុខនេះ ខណៈការមកដល់ជាបន្តបន្ទាប់ទៀតនឹងធ្វើឡើងក្នុងអំឡុងពេល ២ សប្ដាហ៍ម្ដងៗ ឬច្រើនជាងនេះអាស្រ័យទៅលើការផលិត និងតម្រូវការពីអន្តរជាតិ។ ក្រៅពីសហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថរបស់អាមេរិក រដ្ឋាភិបាលម៉ាឡេស៊ីក៏បានចរចាជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗទៀតរបស់ចិន និងរុស្ស៊ីផងដែរ ដើម្បីធានាថាពលរដ្ឋជាង ៣២ លាននាក់នៅទូទាំងប្រទេស នឹងទទួលបានវ៉ាក់សាំងការពារនេះគ្រប់ៗគ្នា៕