រដ្ឋាភិបាលវៀតណាម អះអាងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសមានភាពវិជ្ជមានឡើងវិញ

ហាណូយ៖ រដ្ឋាភិបាលវៀតណាម ដឹកនាំដោយក្រសួងសំណង់ (Ministry of Construction) ឬ MOC របស់វៀតណាម បានឱ្យដឹងថា វិស័យអចលនទ្រព្យនៅវៀតណាម បានឃើញលទ្ធផលវិជ្ជមាន នៅក្នុងស្ថានភាពដ៏លំបាក ពិសេសគឺនៅក្នុងពេលដែលវៀតណាម បានរងគ្រោះដោយជំងឺកូវីដ ១៩ បានវាយប្រហារ កាលពីឆ្នាំ២០២០ កន្លងទៅ។

វិស័យអចលនទ្រព្យរបស់វៀតណាម បានងើបឡើងប្រសើរឡើងវិញ កាលពីត្រីមាសទី ៤ ឆ្នាំ២០២០ កន្លងទៅ ដោយសារតែលទ្ធផលល្អប្រសើរនៃការយកឈ្នះនៃការឆ្លងនៅក្នុងសហគមន៍របស់វៀតណាម បើទោះបីជាមានចំនួនអ្នកឆ្លងក៏ពិតមែន តែអត្រានោះគឺនៅទាបបើធៀបទៅនឹងចំនួនប្រជាជនសរុប។ ក្រសួងសំណង់របស់វៀតណាម បានឱ្យដឹងថាត្រីមាសទី៤ គឺជាការងើបឡើងប្រសើរឡើងវិញនៃវិស័យអចលនទ្រព្យ ដែលធ្វើឱ្យទីផ្សារក្នុងស្រុកងើបឡើងគួរឱ្យកត់សម្គាល់។

តាមការអះអាងរបស់អ្នកនាំពាក្យ MoC បានឱ្យដឹងថា កត្តាដែលធ្វើឱ្យអចលនទ្រព្យក្នុងស្រុកល្អប្រសើរឡើងវិញ គឺដោយមូលហេតុនៃការគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ហើយក្នុងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវៀងវៀតណាម និងសហភាពអឺរ៉ុប ត្រៀមនឹងចូលជាធរមាន ដាក់ឱ្យអនុវត្ត ដែលញាំងឱ្យមានការម្លាស់ទីនៃទីតាំងសហគ្រាស រោងចក្រ ក្នុងរូបភាពកិច្ចសហការណ៍ពាណិជ្ជកម្មអន្តរជាតិរវាងវៀតណាម ជាមួយបណ្ដាប្រទេសជាសមាជិករបស់ EU ជាច្រើនផងដែរ។

ប្រភពដដែលបានគូរបញ្ជាក់ឱ្យដឹងថា មិនត្រឹមតែកត្តាធំៗខាងលើនោះទេ ត្រីមាសទី៤ កន្លងទៅ ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យជាច្រើន បានចាប់ផ្ដើមបើកដំណើរការសកម្មភាពអាជីវកម្ម និងសកម្មភាពក្រុមហ៊ុនរបស់ខ្លួនឡើងវិញផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពីក្រោយភាពវិជ្ជមាននោះ រដ្ឋាភិបាលវៀតណាម ក៏បានដាក់ចេញគោលនយោបាយផ្សេងៗ ដើម្បីទាក់ទាញវិនិយោគិន និងអតិថិជន តាមរយៈការផ្លាស់ប្ដូរទីតាំងគម្រោង ឱ្យស្របទៅនឹងការបណ្ដាក់ទុនពីអន្តរជាតិ (FDI) ជាហេតុទាញឱ្យតម្លៃអចលនវត្ថុកាន់តែប្រសើរឡើង។

របាយការណ៍ចេញផ្សាយដោយក្រសួងសំណង់វៀតណាម បានបង្ហាញឱ្យដឹងទៀតថា បំណុលស្ថិតក្នុងវិស័យអចលនទ្រព្យកាលពីឆ្នាំ ២០២០ បានកើនឡើងពីមួយត្រីមាសទីមួយត្រីមាស។ ជាក់ស្ដែងត្រីមាសទី១ បំណុលសរុបកើនឡើងដល់ ៣៦១ លានដុល្លារអាមេរិក ត្រីមាសទី២ កើនទៅជាង ៣៦៨ លានដុល្លារ ខណៈត្រីមាសទី៣ កើនដល់ជាង ៣៧៣ លានដុល្លារ និងចុងក្រោយគេកើនឡើងជាង ៣៨១ លានដុល្លារអាមេរិក ដែលកើនឡើងពីកម្ចីឥណទានពីធនាគារ។ 

គួរបញ្ជាក់ផងដែរថា ទីផ្សារអចលនទ្រព្យក្នុងស្រុករបស់វៀតណាម បានរួមចំនែកទៅដល់កម្រិត GDP ជាតិបានប្រំាន ៤.៤២% កាលពីឆ្នាំ ២០២០ កន្លងទៅ។ សម្រាប់ឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាម ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ និងវិនិយោគលើលំនៅដ្ឋាន និងអចលនទ្រព្យ បានបង្ហាញនូវសុទិដ្ឋិនិយមថា អចលនទ្រព្យក្នុងប្រទេសនឹងងើបប្រសើរឡើងចាប់ពីត្រីមាសទី១ តទៅ ពិសេសនៅក្នុងទីក្រុងហាណូយ ហូជីមិញ, Quang Ninh, Can Tho, Long An និង Dong Nai ជាដើម។