សាលារៀនមួយចំនួន និងកន្លែងកម្សាន្ដ ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន ក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ!

រយៈពេល ៣ ថ្ងៃនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៨ នាក់មកហើយ ក្នុងនោះក៏មានអ្នកពាក់ព័ន្ធជាច្រើននៅតាមបណ្ដាកន្លែងកម្សាន្ដ និងសាលារៀន តម្រូវឲ្យក្រសួងអប់រំ និងអាជ្ញាធររាជធានីខេត្តធ្វើការផ្អាកដំណើរការនូវទីតាំងមួយចំនួនដែលអាចមានហានិភ័យខ្ពស់។ 

ចំពោះសាលារៀន ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្ននូវសាលារៀនមួយចំនួនដូចជា៖ 

១. អន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្ដារ

២. អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយស្រុកស្អាង

៣. អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ

៤. សាលាបឋមសិក្សាកូលាបទី១

៥. សាលារៀនអន្តរទ្វីបអាមេរិចកាំង សាខាចាក់អង្រែ

ស្របពេលជាមួយគ្នានោះ ក្រសួងបានណែនាំឲ្យបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សពាក់ព័ន្ធគ្រឹះស្ថានសិក្សាខាងលើ មេត្តាតាមដានសុខភាពផ្ទាល់ខ្លួន និងទាក់ទងមកកាន់ក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យ។ 

សម្រាប់ក្រសួងទេសចរណ៍ ក៏ទើបតែបានចេញសេចក្ដីជូនដំណឹងជុំវិញការបិទផ្អាកដំណើរការអាជីវកម្ម KTV ក្លឹបកម្សាន្ដ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទូទាំងរាជធានីខេត្ត ហើយទីតាំងអាជីវកម្មទាំងអស់ ត្រូវការបន្ដត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ជាបណ្ដោះអាសន្ន។

ចំណែកអភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យផ្អាកដំណើរការអាជីវកម្មភោជនីយដ្ឋាន ឡូហ្សិក២ ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ជាបណ្ដោះអាសន្ន ដោយសារមានអ្នកបម្រើការងារក្នុងភោជនីយដ្ឋាននោះ មានពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយបុគ្គលិកចំនួន ៧៥ នាក់ផ្សេងទៀតត្រូវធ្វើចត្តាឡីស័កផងដែរ។