កំពង់ផែកោះទន្សាយ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែសីហា ឆ្នាំ២០២១!

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ កំពង់ផែទេសចរណ៍កោះទន្សាយ សម្រេចការងារសាងសង់បាន ៥៥% មកហើយ បើយោងតាមប្រសាសន៍លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ហើយគម្រោងនេះ នឹងបញ្ចប់នៅត្រឹមខែសីហា ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីបានអូសបន្លាយរយៈពេលសាងសង់អស់ជាយូរ ដោយសារតែបញ្ហារៀបចំបុកគ្រឹះកំពង់ផែ និងវិបត្តិជំងឺកូវីដ-១៩។ យ៉ាងណាមិញ កំពង់ផែនេះតែបន្ដសាងសង់តាមផែនការគ្រោងទុក សម្រាប់បម្រើដល់វិស័យទេសចរណ៍ខេត្តកែប ជាទីក្រុងវិសមកាលពេញនិយមមួយប្រចាំប្រទេសកម្ពុជា។ 

គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីចុងឆ្នាំ២០១៨ ដោយយកទីតាំងនៅលើផែចាស់ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នឹងប្រើប្រាស់បម្រើតែវិស័យទេសចរណ៍ប៉ុណ្ណោះ (មិនអាចប្រើប្រាស់ជាផែដឹកជញ្ជូនទំនិញបានឡើយ) ដោយបានរៀបចំជារូបរាងសម្បកក្ដាម បង្ហាញអត្តសញ្ញាញខេត្តកែប មានចម្ងាញពីដីគោកចូលទៅសមុទ្រប្រវែង ៣០៦ ម៉ែត្រ ទទឹង ៦៨ ម៉ែត្រ មានផ្ទៃក្រឡាសរុបជិត ៥ ពាន់ម៉ែត្រការ៉េ ចំណាយថវិកា ៥ ពាន់លានរៀល ដែលរដ្ឋបាលខេត្តកែប ផ្ដល់សិទ្ធអនុញ្ញាតឲ្យវិស័យឯកជនជាអ្នកគ្រប់គ្រង កាលពីខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈការដេញថ្លៃគ្រប់គ្រង។

រដ្ឋបាលខេត្តកែប បានបង្ហាញថា កំពង់ផែទេសចរណ៍កោះទន្សាយនេះ មានជម្រៅចាប់ពី ៣ ម៉ែត្រទៅ ៤.៧ ម៉ែត្រ សម្រាប់ប្រើប្រាស់សម្រាប់ចូលសំចតនាវាទេសចរណ៍ចំនួន ២ ប្រភេទ៖ នាវាប្រភេទទី១ អាចធ្វើដំនើរចេញពីផែចម្ងាយប្រមាណ ៥៦ គីឡូម៉ែត្រ អាចដឹកមនុស្សចាប់ពី ៣០ ទៅ ១០០ នាក់, នាវាប្រភេទទី២ អាចចេញដំណើរពីផែបានប្រមាណ ១៩ គីឡូម៉ែត្រ អាចផ្ទុកមនុស្សចាប់ពី ១០០ ទៅ ៣០០ នាក់។ យ៉ាងណាមិញ កំពង់ផែនេះ មិនអាចផ្ទុកទម្ងន់លើសពី ៣០០ នាក់ ឬ ១៥ តោននោះទេ ដូចនេះវាមិនអាចបម្រើដល់ការដឹកជញ្ជូនទំនិញបានឡើយ ប៉ុន្តែវានឹងជួយជំរុញដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប បានមួយកម្រិតទៀត តាមរយៈការតភ្ជាប់ទៅកំពង់ផែទេសចរណ៍អន្តរជាតិ នៅក្នុងខេត្តកំពត ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះដែរ។ 

គូសបញ្ជាក់ផងដែរថា ខេត្តកែប ជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយប្រចាំភាគនិរតីនៃប្រទេសកម្ពុជា ដែលមានអំណោយផលពីធម្មជាតិមានទាំងតំបន់ភ្នំ ឆ្នេរសមុទ្រ និងគ្រឿងសមុទ្រស្រស់ៗ ក្នុងនោះតំបន់ទេសចរណ៍ពេញនិយមរួមមាន៖ ឆ្នេរលិចទឹក, កោះទន្សាយ, ឆ្នេរអង្កោល, ភ្នំវល្លិ៍ និងឧទ្យានកែប ហើយមានភាពងាយស្រួលធ្វើដំណើរភ្ជាប់ទៅមកជាមួយខេត្តកំពតដែរ។ ខេត្តកែប ត្រូវបានគេស្គាល់ថាជាទិសដៅទេសចរណ៍វិស្សមកាល ដ៏ល្អបំផុតមួយប្រចាំតំបន់ ជាក់ស្ដែងក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនកន្លងទៅថ្មី ខេត្តកែប ទទួលបានភ្ញៀវទេសចរសរុបជាង ៩ ម៉ឺននាក់ (របាយការណ៍ពីក្រសួងទេសចរណ៍) ជាគោលដៅទេសចរណ៍ទទួលបានភ្ញៀវទេសចរច្រើនលំដាប់ទី ៤ បន្ទាប់ពីរាជធានីភ្នំពេញ សៀមរាប និងកំពត។