ឧស្សាហកម្មផលិតរថយន្តនៅថៃ ប្រឈមមុខនឹងកង្វះខាត់ចង្វាក់ផលិតកម្ម សម្រាប់ទីផ្សារឆ្នាំ ២០២១

បាងកក៖ ថៃ គឺជាទីផ្សារឧស្សាហកម្មផលិតរថយន្តធំមួយនៅអាស៊ីអាគ្នេយ៍ ដោយក្រុមហ៊ុនផលិតរថយន្តជាច្រើនម៉ាក បានកំពុងបោះទុនវិនិយោគ និងមានរោងចក្រផលិតជាច្រើននៅទីនោះ។ ការផលិតរថយន្តនេះជាក់ស្ដែង កាលពីឆ្នាំ ២០២០ កន្លងទៅ បានរងផលប៉ះពាល់មិនធម្មតានោះទេ ដោយសារតែជំងឺកូវីដ ១៩ រហូតមកដល់ដើមឆ្នាំ ២០២១ នេះ តម្រូវការទីផ្សារកើនឡើងខ្ពស់ ធ្វើឱ្យចង្វាក់ផលិតកម្មឧស្សាហកម្មរថយន្តនៅថៃជួបបញ្ហាកកស្ទះ។

តម្រូវទីផ្សាររថយន្តថ្មី នៅក្នុងពិភពលោក បានចាប់ផ្ដើមកើនឡើងវិញ ក្រោយពេលស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែកន្លងទៅ នាឆ្នាំ២០២០ ដោយសារតែការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ។ ឧស្សាហកម្មផលិតរថយន្តរបស់ថៃ បានកំពុងចាប់ផ្ដើមមម៉ាញឹកឡើងវិញ ក្នុងការផលិតរថយន្ត ដើម្បីលក់ទៅកាន់ទីផ្សារក្រៅស្រុក តែចំនួននោះនៅមានកង្វះខាត ព្រោះតែបញ្ហាបន្ទះឈីបសំខាន់ៗ សម្រាប់ដាក់ឱ្យដំណើរការជាមុខងាររបស់រថយន្តទំនើប។

ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ ចេញផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា រោងចក្រផលិតរថយន្តក្នុងស្រុកជាច្រើន បានកំពុងដុតដៃដុតជើងឡើងវិញ ខណៈតម្រូវការទីផ្សារអន្តរជាតិកំពុងកើនឡើង។ ទន្ទឹមនឹងការផលិតនោះ បញ្ហាប្រឈមចំបងគេគឺបន្ទះឈីប ដែលមានចំនួនតិចបំផុត ធ្វើឱ្យផលិតកម្មរថយន្តមិនអាចរលូនទៅមុខល្អ។ បញ្ហា ដែលធ្វើឱ្យមានបញ្ហានេះ គឺចោតឡើងដោយសារតែ ការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងរថយន្តមានទាប ព្រោះឆ្នាំ២០២០ កម្មករជាច្រើនបានធ្វើការពីផ្ទះ ហើយខ្លះក៏បានបាត់បង់ការងារទៀតផង។

មិនតែប៉ុណ្ណោះ សង្គ្រៀមត្រជាក់រវាងចិន និងអាមេរិក ក៏បានរួមចំណែកក្នុងកង្វះខាតបន្ទះឈីបនេះផងដែរ ដោយសារតែមានការរឹតបន្តឹងការនាំចូលបន្ទះឈីប ពីប្រទេសចិន ដែលជាទីផ្សារផ្គត់ផ្គង់បន្ទះឈីបធំជាងគេបំផុត។ ក្រៅពីបញ្ហាប្រឈមនៃកង្វះខាតពលកម្ម ការនាំចេញ និងនាំចេញគ្រឿងផ្សំផ្សេងៗ ក៏ដូចជាកង្វះខាតទូកុងទីន័រ បានធ្វើឱ្យការផ្គត់ផ្គង់ឈីប និងគ្រឿងបង្គុំផ្សេងៗខ្វះខាត មិនស្របតាមទំហំ នៃតម្រូវការជាក់ស្ដែងរបស់រោងចក្រ។

លោក Suparat Sirisuwanangkura អគ្គនាយក នៃសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា ឧស្សាហកម្មថៃ នឹងបើកការចរចា ជាមួយក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ឈីប ក៏ដូចជាគ្រឿងបង្គុំផ្សេងៗ ឱ្យបង្កើនការផលិតឱ្យបានច្រើនជាងនេះ ស្របទៅតាមតម្រូវការទីផ្សារជាក់ស្ដែង ដែលកំពុងកើនឡើង។ យ៉ាងណាក៏ដោយ ដោយសារតែមានការរឹតបន្តឹងពីសំណាក់រដ្ឋាភិបាល នៃប្រទេសនីមួយៗ បានកំពុងធ្វើឱ្យការដឹកជញ្ជូនមុខទំនិញតាមផ្លូវគោក អាកាស និងទឹក មានការយឺតយ៉ាវ និងកកស្ទះផងដែរ ជាហេតុធ្វើឱ្យការផលិតអាចនឹងបន្តធ្លាក់ចុះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១៕