ផ្លូវក្រុងសៀមរាប ៣៨ ខ្សែសម្រេចការងារបាន ១៨% និងកំពុងផ្ដោតលើការងារបំពាក់បណ្ដាញបង្ហូរទឹកកខ្វក់!

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារអន្តរក្រសួងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវក្រុងសៀមរាបចំនួន ៣៨ ខ្សែ ដែលបច្ចុប្បន្នកំពុងផ្ដោតសំខាន់លើកិច្ចការរៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកកខ្វក់ និងបណ្ដាញអគ្គិសនី -ល- ហើយគិតមកត្រឹមថ្ងៃទី២0 ខែកុម្ភៈសម្រេចការងារបាន ១៨% មកហើយ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២១ នេះតែម្ដង។ 

ក្នុងរយៈពេល ៣ ខែដំបូងនៃការសាងសង់ផ្លូវក្រុងសៀមរាបចំនួន ៣៨ ខ្សែក្រុមហ៊ុនទទួលបន្ទុកបានព្យាយាមពន្លឿននូវកិច្ចការរៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកស្អាត បណ្ដាញអគ្គិសនី និងខ្សែកាប្តិ៍ ឲ្យបានចប់រួចរាល់ជាមុនសិន ជាមួយគ្នានោះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្កើតអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ប្រកបដោយសុវត្ថិភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាឲ្យបាននូវសុវត្ថិភាព សុខភាពសាធារណៈ និងការអភិរក្សជីវចម្រុះ។ 

ក្នុងដំណាក់កាលនេះ ផ្លូវជាច្រើនខ្សែនៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសផ្អាកចរាចរណ៍ទាំងស្រុង ឬបិទជាកំណាត់ៗ ដើម្បីរៀបចំបំពាក់ប្រព័ន្ធបណ្ដាញបង្ហូរទឹកកខ្វក់ និងបណ្ដាញអគ្គិសនីខ្សែកាប្ដិ៍ជាដើម ហើយត្រូវបានរៀបចំផ្លូវវាង និងសម្រួលចរាចរណ៍ដោយអាជ្ញាធរមូលដ្ឋាន។ ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សុំការយោគយល់អាធ្យាស្រ័យពីសំណាក់និងសហការពីសំណាក់ប្រជាពលរដ្ឋ អ្នកដំណើរក្នុងក្រុងសៀមរាប ក្នុងអំឡុងពេលកំពុងសាងសង់ផ្លូវក្រុង៣៨ ខ្សែនេះ ដើម្បីរួមគ្នាឲ្យដំណើរការសាងសង់ផ្លូវអនុវត្តទៅដោយរលូន និងអាចប្រែក្លាយក្រុងសៀមរាប ទៅជាទីក្រុងទំនើបថ្មី ជាស្នូលសេដ្ឋកិច្ចនៃប៉ូលអភិវឌ្ឍន៍ជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ មានសោភ័ណភាពស្រស់ស្អាតស័ក្កិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញប្រចាំតំបន់។ 

សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងសៀមរាប ៣៨ ខ្សែខាងលើនេះ មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ ១៤០ លានដុល្លារ និងថវិកាជាង ៩ លានដុល្លារផ្សេងទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១៣ ខែគិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅដល់ចុងឆ្នាំ២០២១។

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន