យុទ្ធនាការផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់អូស្ត្រាលីបានចាប់ផ្តើម កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ដោយមានថ្នាក់មន្ត្រីជាន់ខ្ពស់ នៅក្នុងចំណោមក្រុមតូចមួយរបស់រដ្ឋាភិបាល បានទទួលបានការចាក់វ៉ាក់សាំងនេះ មួយថ្ងៃមុនពេលដែលកម្មវិធីផ្តល់វ៉ាក់សាំងចាប់ផ្តើម។
ដោយឡែកលោកនាយករដ្ឋមន្ត្រី Scott Morrison ត្រូវបានចាក់វ៉ាក់សាំងប្រភេទ Pfizer / BioNTech នៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយ នៅភាគពាយព្យនៃទីក្រុងស៊ីដនី ក្នុងជំហ៊ានដែលរដ្ឋាភិបាលបាននិយាយថា គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាជន ចំពោះការចាក់វ៉ាក់សាំងជាផ្លូវការ ក្នុងប្រទេសនេះ។
លោកស្រី Jane Malysiak ជាពលរដ្ឋវ័យចំណាស់ស្ថិតក្នុងមន្ទីរចាស់ជរា និងជាអ្នករស់រានមានជីវិតពីសម័យសង្គ្រាមលោកលើកទី ២ ក្នុងវ័យ ៨០ ឆ្នាំ គឺជាពលរដ្ឋដំបូងគេរបស់ប្រទេសអូស្ត្រាលី ដែលបានទទួលវ៉ាក់សាំង បន្ទាប់ពីបុគ្គលិកថែទាំសុខភាព និងមន្រ្តីដទៃទៀត។
លោកនាយករដ្ឋមន្រ្តី Morrison បាននិយាយថា “លោកស្រី Malysiak បានចូលរួមនៅក្នុងអ្វី ដែលរាប់បានជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់យើង។” លោកបានបន្តថា “ថ្ងៃស្អែកកម្មវិធីចាក់វ៉ាក់សាំងរបស់យើងចាប់ផ្តើម ដូច្នេះក្នុងនាមជាអ្នកការពារសុវត្ថិភាពរបស់ប្រជាជាតិ ថ្ងៃនេះយើងនៅទីនេះ ធ្វើចំណុចសំខាន់ៗមួយចំនួន ដែលបង្ហាញថា វាមានសុវត្ថិភាព វាមានសារៈសំខាន់ ហើយយើងត្រូវចាប់ផ្តើមជាមួយអ្នកដែលងាយរងគ្រោះបំផុត និងប្រភេទបុគ្គលដែលស្ថិតនៅជួរមុខ ក្នុងការប្រឆាំងនឹងរោគរាតត្បាតមួយនេះ។”
វាកើតឡើងមួយថ្ងៃ បន្ទាប់ពីបាតុកម្មប្រឆាំងនឹងការចាក់វ៉ាក់សាំងនៅក្នុងទីក្រុងធំៗ បានទាក់ទាញមនុស្សរាប់ពាន់នាក់ ដោយក្នុងនោះប៉ូលីសក៏បានចាប់ខ្លួនអ្នកតវ៉ាជាច្រើននាក់ នៅក្នុងទីក្រុង Melbourne នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ ABC។
ការស្ទង់មតិនៅសាកលវិទ្យាល័យជាតិអូស្រ្តាលី បានរកឃើញថាប្រជាជនអូស្រ្តាលីជិត ២២% បាននិយាយថាពួកគេទំនងជាមិនអាចទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ នោះទេ ដោយចំនួននៃ ការស្ទាក់ស្ទើរ ក្នុងការចាក់វ៉ាក់សាំងបានកើនឡើងនៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ។
យុទ្ធនាការផ្តល់វ៉ាក់សាំងរបស់ប្រទេសនេះ បានកំពុងចាប់ផ្តើម ក្នុងពេលប៉ុន្មានខែ ក្រោយប្រទេសដទៃទៀត បន្ទាប់ពីការយល់ព្រមជាបណ្តោះអាសន្នរបស់ផលិតផល Pfizer សម្រាប់ប្រើប្រាស់ក្នុងខែមករា។
បន្ថែមពីនេះ វ៉ាក់សាំង Oxford / AstraZeneca ក៏ត្រូវបានអនុម័តផងដែរ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសអូស្ត្រាលីក៏បានទទួលជោគជ័យ ក្នុងការគ្រប់គ្រងវីរុសកូវីដ-១៩ ផងដែរ ដោយរហូតមកដល់ពេលបច្ចុប្បន្ននេះ មានករណីឆ្លងសរុបជិត ២៩.០០០ ករណី និងមានមនុស្ស ៩០៩ នាក់ បានស្លាប់ ក្នុងចំណោមចំនួនប្រជាជនទាំងអស់ប្រមាណជាង ២៥ លាននាក់។