បើយោងតាមប្រភពរដ្ឋាភិបាលរបស់ជប៉ុន បាននិយាយកាលពីថ្ងៃពុធនេះថា ប្រទេសនេះមានផែនការណែនាំពី “លិខិតឆ្លងដែនវ៉ាក់សាំង - Vaccine Passports” ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ដែលបានទទួលវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ហើយគ្រោងនឹងធ្វើដំណើរឆ្លងទៅប្រទេសដទៃ។
លិខិតឆ្លងដែនថ្មីនេះ ត្រូវបានគេរំពឹងថាជាទម្រង់នៃកម្មវិធីស្មាតហ្វូន ដោយអ្នកដំណើរធ្វើការស្កេនកូដ QR នៅព្រលានយន្តហោះមុននឹងឡើងទៅកាន់ជើងហោះហើរ ឬនៅពេលចូលទៅកាន់ប្រទេសណាមួយ។
រដ្ឋាភិបាលកំពុងឆ្ពោះទៅមុខ ជាមួយនឹងផែនការនេះ ក្នុងក្តីសង្ឃឹមនៃការធ្វើដំណើរអាជីវកម្មឡើងវិញ ដែលបានបញ្ឈប់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលមានជម្ងឺរាតត្បាតកូវីដ-១៩ ដោយមានការចូលរួមជាមួយនឹង សហភាពអឺរ៉ុបសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of Southeast Asian Nations) និងប្រទេសចិន។
លោក Taro Kono រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចខិតខំប្រឹងប្រែងបេសកកម្មផ្តល់វ៉ាក់សាំងរបស់ប្រទេសនេះ បាននិយាយនៅក្នុងកិច្ចប្រជុំសភាមួយ កាលពីថ្ងៃពុធនេះថា "ប្រទេសផ្សេងទៀតកំពុងធ្វើវាតាមផែនការដូចគ្នានេះ ដូច្នេះជប៉ុននឹងត្រូវពិចារណាលើលំនាំនេះផងដែរ។"
លោក Kono ធ្លាប់បានសម្តែងការព្រួយបារម្ភថា ការតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់ពីការទទួលវ៉ាក់សាំង អាចនាំឱ្យមានការរើសអើងប្រឆាំងនឹងក្រុមមនុស្ស ដែលមិនអាចទទួល ឬមិនចង់ចាក់វ៉ាក់សាំង ដោយសារតែប្រតិកម្មអាលែហ្សី ឬផលប៉ះពាល់នៃសុខភាពរបស់ពួកគេ មិនអាចចាក់វ៉ាក់សាំងនេះជាដើម។
ប្រភពដដែលបាននិយាយថា ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភបែបនេះ លិខិតឆ្លងដែន ក៏នឹងចុះបញ្ជីលទ្ធផលអវិជ្ជមានពីប្រតិកម្មខ្សែសង្វាក់ Polymerase និងតេស្តិ៍ antigen ផងដែរ។ យ៉ាងណាវាមិនត្រូវបានគេរំពឹងថា គ្រោងការណ៍នេះនឹងត្រូវបានប្រើនៅក្នុងស្រុក ជាឧទាហរណ៍ដើម្បីគ្រប់គ្រងទៅលើ ការចូលទៅកាន់ភោជនីយដ្ឋាន ឬព្រឹត្តិការណ៍កីឡាផ្សេងៗនោះឡើយ។
កម្មវិធីស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយប្រព័ន្ធកត់ត្រាវ៉ាក់សាំង ដែលជាប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាល បង្ហាញពីព័ត៌មានសម្រាប់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។ វាទំនងជាផ្អែកលើកម្មវិធី CommonPass ដែលជាកម្មវិធីបង្កើតឡើងដោយ មានការចូលរួមពីវេទិកាសេដ្ឋកិច្ចពិភពលោក។
ប្រភពដដែលនេះ ក៏បានបន្ថែមថា ក្រសួងសុខាភិបាល ក្រសួងការងារ និងក្រសួងការបរទេស នឹងដើរតួនាទីសំខាន់ ក្នុងការធ្វើសេចក្តីលម្អិតនៃផែនការថ្មីមួយនេះ។
Keidanren ដែលជាក្រុមហ៊ុនអាជីវកម្មធំបំផុតរបស់ប្រទេសជប៉ុន បានអំពាវនាវដល់រដ្ឋាភិបាលកាលពីថ្ងៃចន្ទ ដើម្បីពិចារណាណែនាំលិខិតឆ្លងដែនវ៉ាក់សាំង (Vaccine Passports) ដោយចង្អុលបង្ហាញពីផែនការរបស់សហភាពអ៊ឺរ៉ុប ក្នុងការបើកដំណើរការ "Digital Green Pass" របស់ខ្លួន នៅក្នុងខែមិថុនាដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស មកកម្សាន្ត ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅខាងមុខនេះ។
បច្ចុប្បន្ននេះ ប្រទេសជប៉ុនអនុញ្ញាតសម្រាប់តែការចូលដល់ របស់ពលរដ្ឋនិងអ្នករស់នៅសញ្ញាតិបរទេសរបស់ខ្លួន ក៏ដូចជាអ្នកដំណើរបរទេសដែលមាន “ការងារចាំបាច់ស្ថិតក្នុងកាលៈទេសៈពិសេស” ហើយពួកគេត្រូវតែបញ្ជូនលទ្ធផលអវិជ្ជមានសម្រាប់ការធ្វើតេស្តិ៍រកកូវីដ-១៩ ដែលត្រូវបានធ្វើឡើង ក្នុងរយៈពេល ៧២ ម៉ោង មុនពេលពួកគេធ្វើដំណើរចេញពីទិសដៅរបស់ពួកគេ។
គួររំលឹកផងដែរថា ប្រជាជនជប៉ុនប្រមាណ ២,៣ លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ក៏ ១ ដូសរួចហើយដែរ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ដែលភាគច្រើនគឺជាប្រភេទបុគ្គលិកថែទាំសុខភាព។ ចំនួននេះគឺតិចជាង ២% នៃចំនួនប្រជាជនទាំងអស់ក្នុងប្រទេស ហើយក៏ទាបជាងបណ្តាប្រទេសមួយចំនួន ដែលបានផ្តល់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេផងដែរ មានដូចជាអ៊ីស្រាអែល អង់គ្លេស និងសហរដ្ឋអាមេរិក។
មានមនុស្សតិចជាង ១ លាននាក់ ដែលបានទទួលនូវវ៉ាក់សាំងពេញទាំងពីរដូស ប្រភេទ Pfizer-BioNTech ដែលបច្ចុប្បន្ននេះ វាជាប្រភេទវ៉ាក់សាំងតែមួយគត់ ដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់ក្នុងប្រទេសជប៉ុន។