ការធ្វើដំណើរទេសចរណ៍ រវាងពលរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រៀមចាប់ផ្ដើមនាប៉ុន្មានខែខាងមុខ!

វ៉ាស៊ីនតោន៖ វិស័យទេសចរណ៍រវាងសហរដ្ឋអាមេរិក និងសហភាពអឹរ៉ុប ត្រៀមនឹងចាប់ផ្ដើមនាពេលខាងមុខនេះហើយ បន្ទាប់ពីមានការផ្អាកការធ្វើដំណើរអស់រយៈពេលជាច្រើនខែកន្លងមក ដោយសារតែការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅលើសកលលោក។ 

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រៀមនឹងបើកឱ្យមានការធ្វើដំណើរជាអន្តរជាតិឡើងវិញ ស្ថិតក្នុងគោលបំណងដើរកំសាន្ត បែបទេសចរណ៍នាពេលខាងមុខនេះហើយ បន្ទាប់ពីមានការរៀបចំនូវបទប្បញ្ញត្តិផ្សេងៗដើម្បីសម្រួលលើវិស័យមួយនេះ នេះបើយោងតាមការបញ្ជាក់លោកស្រី Ursula Von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប។ ការបើកឱ្យមានការធ្វើដំណើរនេះ គឺធ្វើឡើងសម្រាប់តែពលរដ្ឋណា ដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ តែប៉ុណ្ណោះ។

លោកស្រី Ursula Von der Leyen បានបន្ថែមថា ដោយសារតែសហរដ្ឋអាមេរិក បានប្រើប្រាស់វ៉ាក់សាំង ដែលត្រូវបានអនុម័តចេញពីសហភាពអឺរ៉ុប ហេតុដូច្នេះ ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប នឹងត្រូវធ្វើឡើងដោយសេរី និងគ្មានលក្ខខណ្ឌនោះទេ។ ប្រទេសដែលជាសមាជិកសរុបទាំង ២៧ នឹងបើកឱ្យពលរដ្ឋអាមេរិក ដើរកំសាន្តបានជាធម្មតា តែត្រូវគោរពតាមបទបញ្ជា និងគោលការណ៍កំណត់តាមប្រទេសនីមួយៗ ដើម្បីធានាថាពុំមានការឆ្លង និងរីករាលដាលបន្ថែមទៀត ពិសេសគឺត្រូវបង្ហាញថាខ្លួនបានទទួលការចាក់វ៉ាក់សាំងត្រឹមត្រូវ និងពិតប្រាកដមែន។

យ៉ាងណាក៏ដោយ ពលរដ្ឋ ដែលទទួលបានការវ៉ាក់សាំងប្រភេទ Moderna, Pfizer និង Johnson & Johnson តែប៉ុណ្ណោះ នឹងទទួលបានភ្លើងខៀវពីសហភាពអឺរ៉ុប នាពេលខាងមុខ បើទោះបីជាថ្ងៃប្រកាសថាបើកទទួលភ្ញៀវទេសចរណ៍អាមេរិក នៅមិនទាន់កំណត់ពេលវេលាច្បាស់លាស់ក៏ដោយ តែអាចនឹងត្រូវធ្វើឡើងនារដូវក្ដៅខាងមុខ ព្រោះជាពេលវេលាដ៏ល្អសម្រាប់ការដើរកំសាន្ត ដូចមុនពេលផ្ទុះការឆ្លងជំងឺកូវីដ ១៩ ផងដែរ។ មិនតែប៉ុណ្ណោះ ការបើកទទួលនេះ ក៏ពឹងផ្អែកទៅលើការអនុម័តរបស់រដ្ឋាភិបាលអាមេរិកផ្ទាល់ផង និងសេចក្ដីសម្រេចជាផ្លូវការរបស់សហភាពអឺរ៉ុបទៀតផង។

ការចាប់ផ្ដើមរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងជួយយ៉ាងច្រើនទៅដល់សេដ្ឋកិច្ចជាតិរវាងភាគីទាំង ២ ពិសេសគឺវិស័យទេសចរណ៍ ដែលបានធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ ២០២០ កន្លងទៅនេះ ដោយរំពឹងថា ឆ្នាំ២០២១ និងឆ្នាំ ២០២២ ការវិលត្រឡប់នៃការធ្វើដំណើរ នឹងចាប់ផ្ដើមដំណើរការប្រសើរជាងសព្វមុនដង រហូតពិភពលោកទាំងមូល អាចវិលត្រឡប់ទៅកាន់សភាពដើមវិញដូចកាលពីឆ្នាំ ២០១៩ កន្លងទៅ៕