ហាណូយ៖ ឆ្នាំ ២០២០ កន្លងទៅ វៀតណាម គឺស្ថិតក្នុងប្រទេស ដែលមានលទ្ធផលល្អនៃការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ហើយសេដ្ឋកិច្ចក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ សម្រាប់ឆ្នាំ ២០២១ នេះវិញ យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានឱ្យដឹងថា សេដ្ឋកិច្ចវៀតណាម នឹងបន្តកើនឡើងបន្ថែមទៀតក្នុងអត្រាប្រមាណ ៦,៧%។
សេចក្ដីប្រកាសរបស់ធនាគារ ADB ប្រចាំនៅប្រទេសវៀតណាម កាលពីម្សិលមិញនេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងមានភាពល្អប្រសើរដូចទៅនឹងឆ្នាំ ២០២០ ផងដែរ ដោយមានការកើនឡើងជាបន្តបន្ទាប់ ពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយដៃគូនៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ ធនាគារ ADB បានបញ្ជាក់ថា ការនាំចេញរបស់វៀតណាម គឺជាកត្តាចំបង និងសំខាន់ជាងគេមួយ ដែលនឹងជួយទៅដល់សេដ្ឋកិច្ចយ៉ាងច្រើន។
តាមរយៈការនាំចេញនេះ ធនាគារ ADB បានព្យាករណ៍ថា នឹងជម្រុញឱ្យទីផ្សារសេដ្ឋកិច្ចវៀតណាម កាន់តែប្រសើរ ពោលគឺការពង្រីកទីផ្សារទៅអន្តរជាតិ ដែលអាចទាក់ទាញវិនិយោគិនអន្តរជាតិធំៗមកវិនិយោគលើផ្ទៃប្រទេសបន្ថែម និងអាចពង្រីកទីផ្សារពាណិជ្ជកម្មជាមួយដៃគូជាច្រើនផ្សេងទៀត។ ម្យ៉ាងរដ្ឋាភិបាលវៀតណាមផ្ទាល់ បានធ្វើកំណែទម្រង់អាជីវកម្មលើផ្ទៃប្រទេស ដែលសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្ម ស្របពេលវៀតណាម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្ដាប្រទេសផ្សេងៗទៀត គឺជាកត្តាសំខាន់ដែលជម្រុញឱ្យសេដ្ឋកិច្ចកើនឡើងកាន់តែប្រសើរ។
បន្ថែមពីកត្តាវិជ្ជមានទាំងនោះ ការឡើងថ្លៃនៃតម្លៃប្រេង និងតម្រូវការប្រើប្រាស់ផលិតផលក្នុងស្រុកនាឆ្នាំនេះ រំពឹងថានឹងកើនឡើងប្រមាណ ៣,៨% នៃកម្រិត GDP ហើយនឹងបន្តកើនឡើងទៅ ៤% សម្រាប់ឆ្នាំ ២០២២ ខាងមុខ។ នេះគឺជាទិន្នន័យបឋម នៃការវាយតម្លៃដំបូង ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដែលអត្រានោះគឺខ្ពស់ជាងការព្យាករណ៍កាលពីឆ្នាំ ២០២០ បើទោះបីជាវៀតណាម បានរងផលប៉ះពាល់ពីសង្គ្រៀមត្រជាក់រវាងចិន និងអាមេរិក ក៏ដូចជាការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។
សេដ្ឋកិច្ចរបស់វៀតណាម អាចនឹងកើនឡើងខ្ពស់ជាងអាត្រា ដែលបានព្យាករណ៍ខាងលើ តែដោយសារប្រទេសទាំង ៤៥ នៅទ្វីបអាស៊ី ពុំទាន់មានភាពធូស្បើយពីជំងឺកូវីដ-១៩ ម្យ៉ាងភាពមិនប្រក្រតីរបស់សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា ខណៈហ្វីលីពីនបានកំពុងឆ្លងជំងឺយ៉ាងច្រើនបំផុត ក៏ធ្វើឱ្យការនាំចេញផលិតផល និងរាល់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មធ្លាក់ចុះផងដែរ។ ADB បានបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាម នឹងកើនឡើងក្នុងអត្រា ៧% នាឆ្នាំ ២០២២ ខាងមុខ តែអាចនឹងខ្ពស់ជាងនេះ ប្រសិនបើប្រទេសជាច្រើនផ្សេងទៀតអាចទទួលបានលទ្ធផលប្រសើជុំវិញការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩៕