ទីបំផុត ហុងកុងនិងសិង្ហបុរីនឹងបើកដំណើរការនូវប្រព័ន្ធធ្វើដំណើរទ្វេភាគី (Travel Bubble) រវាងប្រទេសទាំងពីរ នៅខែឧសភាខាងមុខនេះ បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ដោយសារតែករណីឆ្លងវីរុសកូវីដ-១៩ បានបន្តកើនឡើង។
បើយោងតាមរបាយការណ៍របស់ Reuters បានឲ្យដឹងថា Travel Bubble នេះ នឹងបើកជាផ្លូវការនៅថ្ងៃទី ២៦ ឧសភា នឹងអនុញ្ញាតឱ្យអ្នកដំណើរដែល បានធ្វើតេស្តិ៍អវិជ្ជមានសម្រាប់កូវីដ-១៩ អាចឆ្លងកាត់រវាងទីក្រុងធំៗទាំងពីរនៅអាស៊ាននេះ។ ប្រព័ន្ធធ្វើដំណើរទ្វេភាគីរវាងទីក្រុងធំទាំងពីរនេះ ត្រូវបានគ្រោងទុកដំបូងសម្រាប់ខែវិច្ឆិកាឆ្នាំ ២០២០ ប៉ុន្តែត្រូវបានបញ្ឈប់ ដោយសារការរីករាលដាលនៃករណីឆ្លងថ្មីៗនៅហុងកុង។
របាយការណ៍ច្បាស់ការមួយទៀត បានកត់សម្គាល់ថា អ្នកដំណើរណាក៏ដោយដែលធ្វើដំណើររវាងប្រទេសទាំងពីរ ឥឡូវនេះនឹងត្រូវបានតម្រូវឲ្យធ្វើតេស្តិ៍រកមេរោគ មុនពេលចេញដំណើរ ក៏ដូចជាពេលមកដល់ទៀតផង។ បន្ថែម ប្រជាជនហុងកុងក៏នឹងត្រូវបង្ហាញភស្តុតាង នៃការទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់ ១៤ ថ្ងៃ មុនពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីផងដែរ។
មិនមានកំណត់គោលការណ៍ Quarantine សម្រាប់ការធ្វើដំណើរទៅកាន់គោលដៅទាំងពីរនោះទេសម្រាប់ផែនការនេះ ប៉ុន្តែប្រព័ន្ធ Travel Bubble នឹងត្រូវផ្អាកទៀត ប្រសិនបើគំលាតការផ្លាស់ប្តូរជាមធ្យមរយៈពេល ៧ ថ្ងៃ នៃករណីកូវីដ-១៩ ក្នុងតំបន់កើនឡើងរាល់ថ្ងៃ លើសពីប្រាំករណី នៅក្នុងទីក្រុងណាមួយ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មហុងកុង លោក Edward Yau និងរដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី លោក Ong Ye Kung បាននិយាយថា ជាការចាប់ផ្តើមដំបូង យើងនឹងមានជើងហោះហើរមួយ ក្នុងពេលមួយថ្ងៃសម្រាប់ទីក្រុងនីមួយៗ ដែលមានអ្នកដំណើររហូតដល់ ២០០ នាក់ ក្នុងជើងហោះហើរនោះ។
ដោយឡែកលោក Yau ក៏បាននិយាយបន្ថែមថា “ការចាប់ផ្តើមដំណើរការឡើងវិញនេះ បង្ហាញថាការបន្តដំណើរឆ្លងកាត់ព្រំដែនជាបណ្តើរៗ គឺអាចធ្វើទៅបាន តាមរយៈការសហការគ្នាទៅវិញទៅមក នៅក្នុងកន្លែងផ្សេងៗគ្នា។”
ក្រៅពី Travel Bubble នេះ មន្រ្តីមកពីហុងកុងនិងសិង្ហបុរី បាននិយាយថាពួកគេកំពុងស្វែងរកលទ្ធភាព នៃការរៀបចំស្រដៀងគ្នា ជាមួយប្រទេសដទៃទៀតដូចជា នូវែលហ្សេឡង់ និងអូស្ត្រាលីផងដែរ (ប្រទេសនីមួយៗបានបើកពពុះធ្វើដំណើរផ្ទាល់ខ្លួនកាលពីសប្តាហ៍មុន)។
ខណៈដែលភ្ញៀវទេសចរសញ្ជាតិអាមេរិក ឬអ៊ឺរ៉ុប មិនអាចធ្វើដំណើរទៅកាន់ទីក្រុងទាំងពីរនាពេលបច្ចុប្បន្ននេះបាន តែពួកគេអាចទទួលបានបទពិសោធន៍នៃដំណើរកម្សាន្តបែប Virtual ទៅកាន់ប្រទេសទាំងពីរនេះបាន។ អ្នកទេសចរ អាចមកកម្សាន្តបែប Virtual នៅ Gardens by the Bay ក្នុងប្រទេសសិង្ហបុរី ឬអាចរៀនពីរបៀបចំអិន Kaya jam និង Indian curry និងអាហារផ្សេងៗទៀត ដែលពួកគេចូលចិត្តនៅហុងកុង ជាមួយនឹង Interactive videos បានផងដែរ។