តម្លៃដីធ្លីនៅទីក្រុងបាងកក បានកំពុងបន្តធ្លាក់ថ្លៃ មិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១២ មក

បាងកក៖ តម្លៃដីធ្លី នៅទីក្រុងបាងកកបានចាប់ផ្ដើមធ្លាក់ថ្លៃ គួរឱ្យកត់សម្គាល់ គិតចាប់តាំងពីត្រីមាសទី១ នាកាលពីឆ្នាំ ២០២០ កន្លងទៅនេះ ហើយបានបន្តធ្លាក់ចុះបន្តទៀតកាន់តែខ្លាំងក្នុងត្រីមាសទី១ និងបន្តចូលត្រីមាសទី២ នេះផងដែរ ដោយសារតែបញ្ហាជំងឺកូវីដ ១៩ ដែលកំពុងបន្តមានការកើនឡើង នៅតាមតំបន់ជាច្រើនក្នុងទីក្រុងបាងកក ក៏ដូចជាតាមបណ្ដាខេត្ត។

ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ ចុះផ្សាយនាព្រឹកថ្ងៃទី០៣ ខែឧសភា នេះបានឱ្យដឹងថា សន្ទស្សន៍តម្លៃដីធ្លីនៅទំនេរ ស្ថិតក្នុងតំបន់ទីក្រុងបាងកក (The Greater Bangkok) បានកំពុងបន្តមានការធ្លាក់ថ្លៃកាលពីត្រីមាសទី១ និងចូលត្រីមាសទី២ ឆ្នាំ២០២១ នេះ។ ការធ្លាក់ចុះនោះ គឺពុំធ្លាប់មានពីមុនមកនោះទេ គិតចាប់តាំងពីឆ្នាំ២០១២ មក ដែលជាការចាប់ផ្ដើមស្រង់ និងធ្វើសន្ទស្សន៍តម្លៃដីធ្លី ហើយក៏ជាការធ្លាក់ថ្លៃបន្ទាប់ពីមានការធ្លាក់ចុះខ្លាំង នាត្រីមាសទី៤ ក្នុងឆ្នាំ២០២០ កន្លងទៅ។

តាមការបញ្ជាក់របស់លោក Vichai Viratkapan នាយកប្រតិបត្តិនៃវិទ្យាស្ថានព័ត៌មានអចលនទ្រព្យ ហៅកាត់ថា (REIC) បានឱ្យដឹងថា ការបន្តធ្លាក់ចុះនៃតម្លៃដីធ្លីនៅទីក្រុងបាងកកនេះ កំពុងតែបន្តទៅមុខ ដោយកាលពីត្រីមាសទី១ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ការធ្លាក់ចុះនៃតម្លៃដីមាន ២,២% បើធៀបនឹងត្រីមាសទី៤ ឆ្នាំកន្លងទៅ។ លោកបន្ថែមទៀតថា ការធ្លាក់ចុះនេះ បញ្ហាចំបងគឺជំងឺកូវីដ ១៩ ដែលនៅតែបន្តឆ្លង និងរីករាលដាលនៅតាមតំបន់ជាច្រើនក្នុងទីក្រុង ក៏ដូចជាតាមបណ្ដាខេត្ត ធ្វើឱ្យពលរដ្ឋមិនហានទិញដីធ្លី។

ប្រភពដដែលបានឱ្យដឹងថា បើទោះបីជាតម្លៃដីធ្លីទំនេរចោលមានការធ្លាក់ចុះក៏ដោយ តែមិនមែនមានន័យថាពុំមានអ្នកទិញលក់នោះដែរ ដោយត្រីមាសទី១ ឆ្នាំ២០២១ កន្លងទៅនេះ ចំនួននៃការទិញលក់បានថយចុះ ១៣,៣% បើធៀបទៅនឹងត្រីមាសទី១ នាឆ្នាំ២០២០។ ការថយចុះនៃចំនួនទិញលក់នេះ សបង្ហាញឱ្យឃើញមានការថយចុះនៃការទិញដីទំនេរ ដើម្បីយកមកអភិវឌ្ឍបន្ថែមពីក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ព្រោះជាទូទៅការទិញលក់តែងតែកើតមានឡើងជាប្រចាំ តែក្នុងពេលនេះនៅពេលចង់អភិវឌ្ឍទើបស្វែងរកទិញដីមុន១ ឆ្នាំ ឬនៅក្នុងឆ្នាំដដែលនោះ។

បើទោះបីជាតម្លៃដីភាគច្រើនបានធ្លាក់ចុះ និងពុំមានការទិញលក់ច្រើន តែដីនៅតំបន់មួយចំនួន ក៏បានឡើងថ្លៃគួរឱ្យកត់សម្គាល់ផងដែរ។ REIC បញ្ជាក់ថា ដីធ្លីនៅជាប់នឹងដងធំៗ ស្ថិតនៅតំបន់ Bang Khae ឆ្ពោះទៅកាន់តំបន់ Phutthamonthon Sai 4 បានឡើងថ្លៃខ្លះផងដែរ។ យ៉ាងណាក៏ដោយទីផ្សារដីធ្លី និងតម្លៃដីនៅតែបន្តរងផលប៉ះពាល់ប្រសិនបើអត្រានៃការឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ បន្តកើនឡើងជាបន្តបន្ទាប់ ព្រោះបញ្ហានេះនឹងជះឥទ្ធិពលទៅដល់ការបណ្ដាក់ទុនអភិវឌ្ឍពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន ព្រោះពលរដ្ឋមិនចង់ប្រឈមហានិភ័យចេញក្រៅ ឬចំនាយថវិការច្រើន នៅពេលធ្លាក់ប្រាក់ចំណូលនោះទេ៕